អាមេរិក៖ ខណៈអាកាសធាតុក្តៅ និងស្ងួតកាន់តែខ្លាំងគ្របដណ្តប់លើតំបន់ភាគខាងលិចសហរដ្ឋអាមេរិក និងកាណាដាកាលពីថ្ងៃអាទិត្យ (១៨ កក្កដា) ភ្លើងឆេះព្រៃ Bootleg Fire ដ៏ធំសម្បើមនៅរដ្ឋ Oregon បានកើនឡើងជាថ្មី ហើយក្រុមអាជ្ញាធរបានបញ្ជាឲ្យមានការជម្លៀសពលរដ្ឋចេញជាថ្មី។

ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះព្រៃ Bootleg ដែលជាភ្លើងធំជាងគេក្នុងចំណោមភ្លើងឆេះព្រៃ ៨០កន្លែងឥឡូវកំពុងឆេះសកម្មនៅសហរដ្ឋអាមេរិក បានរាលដាលពេញមួយយប់លើផ្ទៃដីពី ១១០៨៨៣ហិចតាដល់ ១១៧៣៥៨ហិចតា ដែលមានទំហំ ៣ដងនៃទីក្រុង Detroit។ មនុស្សចំនួន ២ពាន់នាក់បានជម្លៀសចេញពីលំនៅឋាន និងមួយចំនួនទៀតនៅពេលបន្ទាប់កាលពីថ្ងៃអាទិត្យ។ រូបភាពផ្កាយរណបពីការិយាល័យព្យាករណ៍អាកាសធាតុជាតិ បានបង្ហាញពីផ្សែងអ័ព្ទយ៉ាងខ្លាំងដែលទ្រោលឡើងចេញពីភ្លើងឆេះព្រៃ Bootleg នៅភាគខាងត្បូងរដ្ឋ Oregon រហូតដល់ព្រំដែនប្រទេសកាណាដាចម្ងាយរាប់រយម៉ាយទៅភាគឦសាន៕
អត្ថបទ៖ សុខមាន