គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ ដែលជាថ្ងៃបញ្ចប់នៃទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២ ឆ្នាំ២០២៤ ត្រូវបានមើលឃើញថា ទទួលបានការចាប់អារម្មណ៍ និងមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ លើការតាំងបង្ហាញសមិទ្ធផលនានាក្នុងកម្មវិធីនេះ ជាពិសេសបច្ចេកវិទ្យាឌីជីថល។

កញ្ញា ក្រង កន្និកា មន្រ្តីផ្នែកជ្រើសរើសនិសិ្សត នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ ខេមតិច ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានឲ្យដឹងថា គិតក្នុងរយៈពេល ២ថ្ងៃកន្លងទៅនេះ ឃើញមានការចូលរួមពីសាធារណៈជនជាច្រើន ជាពិសេសសិស្ស និស្សិតមកពីសាលារដ្ឋ និងឯកជននានា បាននាំគ្នាស្វែងយល់អំពីកម្មវិធីថ្មីៗ និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដែលមានតាំងបង្ហាញក្នុងកម្មវិធីដ៏មានសារៈសំខាន់មួយនេះ។ កញ្ញា បានអំពាវនាវឲ្យសាធារណៈជនទូទៅទាំងអស់ សូមចូលរួមឲ្យបានច្រើនកុះករផងដែរ ដើម្បីលើកស្ទួយតួនាទីដ៏សំខាន់ នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជាឲ្យរីកចម្រើនទៅមុខបន្ថែមទៀត។
សិស្ស និស្សិត ដែលបានចូលរួមក្នុងកម្មវិធីនេះ បាននិយាយថា ពិតជាមានអារម្មណ៍ថាប្លែកខុសពីកម្មវិធីមុនៗ ដោយសារភាពជឿនលឿនរបស់កម្ពុជា បាននិងកំពុងវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ហើយក៏មិនចាញ់នៅបរទេសដែរ។ បន្ថែមពីនេះទៀត កម្មវិធីនេះ ក៏បានបណ្តុះស្មារតីដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសិក្សាឱ្យស្រឡាញ់វិទ្យាសាស្រ្ត ក៏ដូចជាដើម្បីបង្កើតនូវមូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើគ្រប់វិស័យ។

សូមបញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២នេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់សហគ្រាសឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃបន្ថែម។ ព្រឹត្តិការណ៍នេះ មានស្តង់ប្រមាណជាង ២០០ស្តង់ មកពីវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមបង្ហាញពីបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម ក៏ដូចជាមានពិព័រណ៍វិទ្យាសាស្រ្តសម្រាប់កុមារ សិស្សានុសិស្ស ដើម្បីបណ្តុះនូវស្មារតីស្រឡាញ់វិទ្យាសាស្រ្ត៕អត្ថបទ៖ ឈិត បូរ៉ាវី





