ក្រុមជនអន្ធពាលប្រដាប់អាវុធ បានដុតបំផ្លាញយានដ្ឋានរថយន្តជាច្រើនកន្លែង នៅក្នុងរដ្ឋធានី ព័រ អូប្រាំង ប្រទេសហៃទី ខណៈប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ប្រឈមមុខការកើនឡើងអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

រថយន្តឆេះរោលជាច្រើនគ្រឿង ត្រូវបានគេមើលឃើញនៅក្នុងតំបន់រងការវាយប្រហារ កាលពីថ្ងៃចន្ទ ដោយមានផ្សែងហុយចេញពីយានដ្ឋានដែលត្រូវបានបំផ្លាញ និងយានរថពាសដែកបានចេញល្បាតនៅតាមផ្លូវក្បែរៗនោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់រថយន្ត ១០០ គ្រឿងដែលដាក់ចតនៅក្នុងយានដ្ឋានជាច្រើនកន្លែងក្នុងទីក្រុង ព័រ អូប្រាំង ត្រូវបានដុតបំផ្លាញដោយក្រុមប្រដាប់អាវុធ កាលពីយប់ថ្ងៃអាទិត្យ។
ការរាយការណ៍និយាយថា ការវាយប្រហារដោយលួចដុត ក៏បានកំណត់គោលដៅទៅលើឃ្លាំងលក់ពូក និងឃ្លាំងគ្រឿងសង្ហារឹម ព្រមទាំងអគារតុលាការក្នុងតំបន់ផងដែរ។

ការចាកចេញរបស់ជនបរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈអនាគតនយោបាយរបស់ប្រទេស ស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានពង្រីកការគ្រប់គ្រងរបស់ពួកគេ នៅរដ្ឋធានី និងតំបន់ឆ្ងាយពីលំនៅឋាន។
ជម្លោះនេះ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ទៀតរត់ភៀសខ្លួន ហើយការវាយប្រហារជាបន្តបន្ទាប់ក្នុងខែនេះ រួមមានការវាយឆ្មក់ទៅលើប៉ុស្តិ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ ដែលនាំទៅដល់ការផ្អាកជើងហោះហើរពាណិជ្ជកម្មជាច្រើន។