ប្រទេសជប៉ុន បានសម្រេចបន្ធូរបន្ថយច្បាប់នាំចេញផ្នែកការពារជាតិដ៏តឹងរឹងរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យយន្តហោះចម្បាំងជំនាន់ក្រោយ ដែលប្រទេសនេះកំពុងផលិតជាមួយចក្រភពអង់គ្លេស និងអ៊ីតាលីត្រូវបាននាំចេញ ក្រោមលក្ខខណ្ឌជាក់លាក់។ ការសម្រេច ធ្វើឡើងដោយរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះ គឺស្របតាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងដៃគូចម្រុះរបស់ខ្លួនគឺគណបក្ស Komeito ។ រដ្ឋាភិបាល និយាយថា ជប៉ុនត្រូវតែផលិតយន្តហោះចម្បាំងមានសមត្ថភាព ដែលចាំបាច់ត្រូវទប់ទល់ទៅនឹងបរិយាកាសសន្តិសុខរបស់ប្រទេស ហើយយន្តហោះចម្បាំង ត្រូវតែផលិតឡើងដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាន លើផ្នែកការពារជាតិ។

រដ្ឋាភិបាល និយាយថា ត្រូវការយន្តការមួយដែលអាចឱ្យខ្លួនផ្ទេរយន្តហោះចម្បាំងទៅកាន់ប្រទេសទីបី។ រដ្ឋាភិបាល បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខជាតិ នៅថ្ងៃអង្គារនេះ។ អំឡុងកិច្ចប្រជុំ សេចក្តីណែនាំសម្រាប់ការអនុវត្តគោលការណ៍ចំនួនបីរបស់ប្រទេស ស្តីពីការផ្ទេរយុទ្ធោបករណ៍ការពារជាតិទៅក្រៅប្រទេស ត្រូវបានពិនិត្យឡើងវិញ។

គោលការណ៍ណែនាំពិនិត្យឡើងវិញ បានឲ្យដឹងថាការនាំចេញនឹងត្រូវបានកំណត់ចំពោះយន្តហោះចម្បាំងជំនាន់ក្រោយ ហើយយន្តហោះចម្បាំងអាចត្រូវបានផ្ទេរទៅកាន់ប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសជប៉ុនតែប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធទៅនឹងជម្លោះសកម្មណាមួយនោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kihara Minoru និយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល នឹងផ្តល់ឱ្យប្រទេសជប៉ុននូវជំហរក្នុងការរួមចំណែកដូចគ្នាដែលចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលីធ្វើ។
លោកនិយាយថា ប្រទេសជប៉ុន នឹងពិភាក្សាឱ្យបានហ្មត់ចត់អំពីបញ្ហានេះជាមួយដៃគូទាំងពីរ ដើម្បីឲ្យយន្តហោះចម្បាំង សមស្របសម្រាប់បរិស្ថានសន្តិសុខរបស់ប្រទេសដែលអាចត្រូវបានផលិត។
យោងទៅលើផែនការផលិត លោក Kihara បាននិយាយថា ប្រទេសទាំងបី កំពុងធ្វើការលើការរចនាយន្តហោះចម្បាំងនៅពេលនេះ យើងធ្វើការរួមគ្នា ដូច្នេះការសម្រេចចិត្ត អំពីលក្ខណៈបច្ចេកទេស និងដំណើរការរបស់យន្តហោះ អាចធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំ។