ក្រសួងយុត្តិធម៌ និង FBI បាននិយាយកាលពីថ្ងៃចន្ទថា គណនីអនឡាញរបស់ជនជាតិអាមេរិករាប់លាននាក់ ត្រូវចាប់បាននៅក្នុងផែនការលួចចូលមើលទិន្នន័យព័ត៌មានវិទ្យារបស់ចិន «ដ៏អាក្រក់» ដែលកំណត់គោលដៅលើមន្ត្រីសហរដ្ឋអាមេរិក។
ជនជាតិចិនចំនួន៧ នាក់ ត្រូវបានចោទប្រកាន់ពីបទធ្វើយុទ្ធនាការវាយប្រហារតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយ។
ពួកគេត្រូវបានគេចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយនឹងប្រតិបត្តិការលួចចូលមើលទិន្នន័យដែលបានដំណើរការអស់រយៈពេល ១៤ឆ្នាំ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់រហូតដល់ ១០លានដុល្លារ (៨លានផោន) សម្រាប់ការផ្តល់ព័ត៌មានអំពីបុរសទាំង ៧នាក់នោះ។
ក្រសួងយុត្តិធម៌ បាននិយាយថា ក្រុមចោរព័ត៌មានវិទ្យា បានកំណត់គោលដៅលើអ្នករិះគន់អាមេរិក និងបរទេសចំពោះប្រទេសចិន អាជីវកម្ម និងក្រុមអ្នកនយោបាយ។
បុរសទាំង៧នាក់នោះ ត្រូវបានចោទប្រកាន់ថា បានផ្ញើ«អ៊ីមែលគំរាមជាង ១0.000 ដែលប៉ះពាល់ដល់ជនរងគ្រោះរាប់ពាន់នាក់ នៅទូទាំងទ្វីបនានា ជាអ្វីដែលក្រសួងយុត្តិធម៌ហៅថា «ប្រតិបត្តិការលួចស្តាប់ជាសកល» ដែលគាំទ្រដោយរដ្ឋាភិបាលរបស់ប្រទេសចិន។

នាយក FBI លោក Christopher Wray បាននិយាយថា៖«សេចក្តីប្រកាសថ្ងៃនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងនៅតែបន្តរបស់ប្រទេសចិន ក្នុងការធ្វើឲ្យខូចសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសយើង និងគោលដៅជនជាតិអាមេរិក និងការច្នៃប្រឌិតរបស់យើង»។