អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយនៅក្នុងបទសម្ភាសមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារ (២៦ មីនា) នេះថា កិច្ចប្រជុំកំពូលសន្តិភាពសកលណាមួយស្តីពីអ៊ុយក្រែន ដែលមិនរាប់បញ្ចូលប្រទេសរុស្ស៊ី គឺ «មិនសមហេតុផលនោះទេ» ហើយនឹងត្រូវបរាជ័យ។ លោក ផេស្កូវ ក៏បានប្រាប់សារព័ត៌មាន AIF ថា រុស្ស៊ី កំពុងបន្តធ្វើសង្គ្រាមរយៈពេលពីរឆ្នាំរបស់ខ្លួនលើអ៊ុយក្រែន ដើម្បីការពារខ្លួនពីលោកខាងលិច។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពអន្តរជាតិ ហើយនៅដើមឆ្នាំនេះប្រទេសស្វីសបាននិយាយថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ហើយកាលបរិច្ឆេទ និងព័ត៌មានលម្អិតកំពុងត្រូវបានពិភាក្សា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់រួចមកហើយថាផែនការសន្តិភាពអ៊ុយក្រែននេះមិនអាចដំណើរការបានទេ ដែលអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ី និងការស្ដារឡើងវិញនូវព្រំដែនឆ្នាំ ១៩៩១ របស់ទីក្រុងគីវ រួមទាំងតំបន់គ្រីម៉េ ដែលបានរឹបអូស និងដាក់បញ្ចូលដោយរុស្ស៊ី ក្នុងឆ្នាំ ២០១៤។
លោក ផេស្កូវ បានរំលឹកឡើងវិញថា ផែនការនេះគឺជារឿងស្រមើលស្រម៉ៃ ហើយថែមទាំងបានរិះគន់ផែនការដែលបានពិភាក្សាដោយសហភាពអឺរ៉ុប និងប្រទេសដទៃទៀត ក្នុងការគ្រប់គ្រងប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ហើយបង្វែរផ្ទេរទៅអ៊ុយក្រែន៕