ប្រភពបីបានរាយការណ៍ប្រាប់សារព័ត៌មាន រ៉យទ័រ ថា ក្រុមម្ចាស់ជំនួយធំៗមកពីគណបក្សសាធារណរដ្ឋមួយចំនួន កំពុងធ្វើការរួមគ្នាដើម្បីជួយបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការផ្តល់មូលនិធិដល់ប្រាក់ទម្កល់ធានាដែលត្រូវការ ដើម្បីទូទាត់លើការវិនិច្ឆ័យក្នុងសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីចំនួន ៤៥៤ លានដុល្លាររបស់លោក នៅមុនថ្ងៃផុតកំណត់កាលពីថ្ងៃច័ន្ទ (២៥ មីនា)។

អតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក ត្រាំ ត្រូវការបង់ប្រាក់ធានានៅក្នុងសំណុំរឿងរដ្ឋប្បវេណីនៅទីក្រុងញូវយ៉ក ដែលក្នុងនោះលោកត្រូវបានគេរកឃើញថាទទួលខុសត្រូវចំពោះការក្លែងបន្លំបំប៉ោងតម្លៃទ្រព្យរបស់ខ្លួនរាប់ពាន់លានដុល្លារ ដើម្បីទទួលបានប្រាក់កម្ចី និងលក្ខខណ្ឌធានារ៉ាប់រងកាន់តែប្រសើរ។

កាលពីថ្ងៃច័ន្ទ តុលាការសម្រេចថា លោកអាចឈ្នះសំណើដើម្បីពន្យារការអនុវត្តសាលក្រម ប្រសិនបើលោកដាក់ប្រាក់ធានាតិចជាង ១៧៥ លានដុល្លារក្នុងរយៈពេល ១០ ថ្ងៃ ប៉ុន្តែរហូតមកដល់ពេលកំណត់ចុងក្រោយនោះ លោក ត្រាំ ហាក់បីដូចជាកំពុងជួបការលំបាកក្នុងការបង្កើនចំនួនប្រាក់ធានា និងប្រថុយនឹងការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន។
គេក៏មិនច្បាស់ដែរថា តើលោក ត្រាំ នឹងត្រូវផ្តល់វត្ថុបញ្ចាំ ឬការធានាផ្សេងទៀតដល់ម្ចាស់ជំនួយនោះឬយ៉ាងណា។ លទ្ធភាពនៃការជួយពីសម្ព័ន្ធមិត្តមហាសេដ្ឋីរបស់លោក ត្រាំ នេះបង្ហាញថា លោករក្សាបានការគាំទ្រយ៉ាងជ្រាលជ្រៅនៅក្នុងដំណើរការបោះឆ្នោតដើម្បីឈ្នះតំណែងសេតវិមាននៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៥ ខែវិច្ឆិកា ប្រឆាំងទល់នឹងសមាជិកបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden)៕