សីតុណ្ហភាពនៅទីក្រុងហុងកុង ប្រទេសចិន បានឡើងដល់លើសពី ៣១ អង្សាសេក្នុងសប្តាហ៍នេះ ដែលជាកម្រិតមួយមិនធ្លាប់មានសម្រាប់ខែមីនា ហើយត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បានកត់ត្រាការចាប់ផ្តើមត្រជាក់បំផុតនៅខែនេះក្នុងរយៈពេល ៨ ឆ្នាំ។

ក្រុមសង្កេតការណ៍ហុងកុង បាននិយាយថាសីតុណ្ហភាព ៣១,៥ អង្សាសេកាលពីថ្ងៃអាទិត្យ គឺជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងខែមីនា ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៨៨៤ មក។ អ្នកព្យាករណ៍អាកាសធាតុបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា សីតុណ្ហភាពនៅថ្ងៃអង្គារ (២៦ មីនា) នេះ រំពឹងថានឹងឡើងដល់ ៣១ អង្សាសេម្តងទៀត។

ក្រុមសង្កេតការណ៍បាននិយាយថា កម្ដៅកម្រិតកំណត់ត្រានេះកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីតំបន់រដ្ឋបាលពិសេសរបស់ចិនមួយនេះ ចាប់ផ្តើមចុះត្រជាក់ជាងធម្មតានៅខែនេះ ដោយមានសីតុណ្ហភាពប្រហែល ១៦ អង្សាសេ។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្តិចនៅថ្ងៃពុធ (២៧ មីនា) ដល់កម្រិតទាប ២១ អង្សាសេ៕