អន្តរជាតិ៖ បេក្ខជនឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកចូ បៃដិន បាននិយាយថា លោកសប្បាយចិត្ត ពេលដែលលោកប្រធានាធិបតីដូណាល់ ត្រាំ ឆាប់ជាសះស្បើយពីជំងឺ COVID-19លឿនបែបនេះ ប៉ុន្តែ លោកបន្តថា មាននូវក្តីកង្វល់ច្រើនណាស់ពីការរីករាលដាលឆ្លងសកលជំងឺដ៏កាចសាហាវមួយនេះ។
អំឡុងការជជែកនៅក្នុងសាលធំរបស់ទូរទស្សន៍ NBC News កាលពីថ្ងៃចន្ទ លោកបៃដិន បាននិយាយថា លោកសង្ឃឹមថា គ្មាននរណាម្នាក់ ដើរចេញជាមួយសាររបស់លោកត្រាំ គិតថាវាគ្មានបញ្ហានោះទេ ។ វាគឺជាបញ្ហាធ្ងន់ធ្ងរ។
គួរឲ្យដឹងថា លោកត្រាំ បានវិលត្រឡប់មកកាន់សេតវិមានវិញដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីយប់ថ្ងៃចន្ទ ក្រោយចាកចេញពីមន្ទីរពេទ្យយោធា ជាកន្លែងដែលលោកទទួលបានការព្យាបាលមិនធ្លាប់មានពីមុន សម្រាប់ជំងឺ COVID-19 ។
ភ្លាមៗនោះ លោកបានធ្វើឲ្យមានជម្លោះថ្មីកើតឡើង ជាមួយនឹងការអះអាងថា ប្រទេសរបស់លោកមិនគួរខ្លាចជំងឺ COVID-19នោះទេ ដែលបានសម្លាប់ពលរដ្ឋអាមេរិកជាង ២១ម៉ឺននាក់ ហើយលោកថែមទាំងបានដើរចូលក្នុងសេតវិមានដោយគ្មានពាក់ម៉ាស់មុខការពារទៀតផង ៕ អត្ថបទ៖ សារ៉ាត់
