ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឲ្យបានរួចរាល់នាពេលឆាប់ៗខាងមុនេះ ខណៈបញ្ហាដែលនៅសេសសល់គឺនៅ១៤ភាគរយទៀត ជាមួយគ្នានោះថ្នាក់ ដឹកនាំប្រទេសទាំងពីរក៏បានសន្យាប្រែក្លាយព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ ផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅប្រទេស ឡាវនោះឯកឧត្តម សង់ ហ្វ្រង់ស្វ័តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងកិច្ចជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ បញ្ហាការបោះបង្គោលព្រំដែន បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន និងបញ្ហាជាច្រើនទៀត ដោយក្នុងនោះថ្នាក់ដឹកនាំទាំងពីរ សន្យាថានឹងធ្វើការបោះបង្គោលព្រំដែន ដែលនៅសេសសល់ឲ្យបានឆាប់ៗដោយសន្តិវិធីជាដើម។
ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ឡាវនេះដែរ ឯកឧត្តមសង់ ហ្វ្រង់ស្វ័តាន់ ក៏បានឆ្លើយតបទៅ នឹងសំនួររបស់អ្នកសារព័ត៌មានផងដែរថា ការដោះស្រាយបញ្ហាព្រំដែនមិនមែនជាការលែងសើច និងការ ចង់បានរបស់អ្នកជាតិនិយម ឬអ្នកនយោបាយមួយចំនួនដែលចង់បានភ្លាមៗនោះឡើយ ពោលបញ្ហាការបោះបង្គោលព្រំដែននេះគឺត្រូវការអ្នកជំនាញ ច្បាស់លាស់នូវផែនទី និងភូមិសាស្រ្ត ដូច្នេះការស្រាវជ្រាវនិងការកំណត់នូវព្រំដែននេះមិនមែនធ្វើទៅតាម ការចង់បានដូចក្រុមអ្នកប្រឆាំងមួយចំនួននោះឡើយ។
សូមបញ្ជាក់បណ្តោយព្រំដែនកម្ពុជា និងឡាវ មានប្រវែង៥៤០គីឡូម៉ែត្រ ដោយសព្វថ្ងៃនេះភាគី ទាំងពីរបានធ្វើការបោះបង្គោលព្រំដែនរួមគ្នាបានចំនួន៨៦ភាគរយហើយ ខណៈនៅសល់១៤ភាគរយ ទៀតថ្នាក់ដឹកនាំប្រទេសទាំងពីរសន្យាថានឹងធ្វើការដោះស្រាយឲ្យបានរួចរាល់នាពេលឆាប់៕
អត្ថបទ ៖ បាន ចក់


