ភ្នំពេញ ៖ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវរយៈពេលពីរថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៥-២៦ ខែមីនានេះ គឺជាឱកាសនៃការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេស កម្ពុជា និងឡាវប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
ក្នុងឱកាសអមដំណើរសម្តេចធិបតី នាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីរយៈពេលពីរថ្ងៃនេះ សម្ដេចធិបតីហ៊ុន និងថ្នាក់ដឹកនាំកំពូលឡាវបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក។ ក្នុងឱកាសនោះ សមភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា វិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម។
សូមជម្រាបថា ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសឡាវរយៈពេលពីថ្ងៃនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានប្រកាសពង្រឹងលើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ទស្សនកិច្ចផ្លូវការរបស់សម្ដេចនាពេលនេ កម្ពុជា-ឡាវ បានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឈលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង៕
អត្ថបទ៖ វ៉ន ដារ៉ា






