ភ្នំពេញ ៖ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនានេះ ជាពិសេសក្នុងឱកាស ថ្លែងការណ៍រួមគ្នា រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋធានីវៀងចន្ទន៍ កាលពីរសៀលម្សិលមិញសម្ដេចធិបតីបានប្រកាសគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២៤។
ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកមីយ៉ាន់ម៉ា។ ខណៈពេលប្រទេសឡាវនឹងធ្វើជាប្រធានអាស៊ានប្ដូរវេននេះសម្ដេចធិបតី ក៏បានប្រកាសថា កម្ពុជាចូលរួមជាមួយប្រទេសឡាវ១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផងដែរ។
ចំពោះការគាំទ្រមិត្តឡាវជាប្រធានអាស៊ានប្ដូរវេននេះ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ក្នុងឱកាសអមដំណើរសម្តេចធិបតី នាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ការប្រកាសគាំទ្ររបស់កម្ពុជាចំពោះមិត្តឡាវនាពេលនេះ គឺក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយក្នុងនាមជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីទៅកាន់ប្រទេសឡាវនេះ បានធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ៖ វ៉ន ដារ៉ា
