កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ នៅក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ប្រជានេសាទបានស្ម័គចិត្តចូលរួមជាមួយសមត្ថកិច្ចជំនាញ ក្នុងការទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ដើម្បីថែរក្សាមច្ឆាជាតិអោយនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់ ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្រោយពីបានស្តាប់ការពន្យល់ណែនាំនូវច្បាប់ និងផលប៉ះពាល់ ពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងចលនាប្រមូលអាំងវែរទ័រឆក់ត្រីនៅក្នុងឃុំពាមឆ្កោក។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ជូនថា៖ ថ្ងៃនេះ តំណាងអយ្យកាសាលាដំបូងខេត្ត ខ័ណ្ឌរដ្ឋបាលជលផល អាជ្ញាធរឃុំពាមឆ្កោក អាជ្ញាធរស្រុកជលកីរី និងកម្លាំងនគរបាលប៉ុស្តិ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដល់ប្រជានេសាទ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រីតែម្តង ដើម្បីទប់ស្កាត់បទល្មើសនេសាទ និងលុបបំបាត់ឧបករណ៍ឆក់ត្រី។ កន្លងមក អាជ្ញាធរស្រុកនេះ បានជំរុញឱ្យប្រជានេសាទដែលមានឧបករណ៍នេសាទខុសច្បាប់ « ក្បាលអាំងវែរទ័រ» ឆក់ត្រីគ្រប់ប្រភេទ មានស្មារតីភ្ញាក់រឭក និងស្ម័គ្រចិត្តប្រគល់ឧបករណ៍ទាំងនេះឱ្យសមត្ថកិច្ចជំនាញជលផល និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋានបងប្អូន ។ ឯកឧត្តមបានពន្យល់ណែនាំប្រជានេសាទដែលមានឧបករណ៍ឆក់ត្រីទាំងអស់ អោយបញ្ឈប់ការនេសាទត្រីបែបនេះ ព្រោះការនេសាទត្រីដោយប្រើឧបករណ៍ឆក់នេះ វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពូជមច្ឆាជាតិ និងបណ្តាលអោយបាត់បង់ពូជត្រីយ៉ាងឆាប់រហ័ស។
ក្រោយពីបានស្តាប់ ប្រជានេសាទនៅក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានសាទរ និងប្តេជ្ញាចូលរួមជាមួយសមត្ថកិច្ចជំនាញជលផល ក្នុងការប្រគល់ និងផ្សព្វផ្សាយច្បាប់នេះបន្តដល់ប្រជានេសាទដទៃទៀតដែលមានឧបករណ៍ឆក់ត្រីនេះ អោយស្ម័គចិត្តប្រគល់អាំងវែទ័រឆក់ត្រីនេះ មកសម្ថកិច្ចជំនាញជលផល ដើម្បីរក្សាបាននូវពូជមច្ឆាជាតិរបស់យើង។
នៅក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសចលនាប្រគល់ឧបករណ៍ឆក់ត្រីមកសមត្ថកិច្ចជំនាញជលផលនេះ មានប្រជានេសាទ២៥នាក់ បានស្ម័គចិត្តយកឧករណ៍ឆក់ត្រីទាំងនេះ ប្រគល់ជូនសមត្ថកិច្ចជំនាញជលផល។ ប្រជានេសាទចូលរួមក្នុងពិធីនេះមានចំនួន៦១នាក់ បានទទួលនូវសារុងជាចំណងដៃពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តក្នុងម្នាក់សារុង១ផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា









