ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងប្រមូលធាតុចូលនានា ដើម្បីរៀបចំបង្កើតនូវច្បាប់ភូមិបាលថ្មី ហើយច្បាប់នេះ ក៏នឹងក្លាយជាចំណែកមួយ ក្នុងការជួយឲ្យសម្រេចនូវគោលដៅឆ្នាំ២០៥០ ដែលកម្ពុជាមានចំណូលកម្រិតខ្ពស់ ។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថេង ច័ន្ធសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា ដើម្បីសម្រេចនូវការងារអទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយសកល សន្តិសុខ នយោបាយ សង្គមសេដ្ឋកិច្ច ព្រមទាំងបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ពិតជាមានការចាំបាច់រៀបចំនូវច្បាប់ភូមិបាលថ្មី ស្របតាមបរិបទថ្មី ដែលមានភាពជាក់ស្ដែងនិយម និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីជំនួសច្បាប់ភូមិបាលឆ្នាំ២០០១ ដែលមានវ័យ២៣ឆ្នាំ ។
ឯកឧត្តមបានបន្តថា ច្បាប់ភូមិបាលចាស់ លែងឆ្លើយតបទៅនឹងការជឿនលឿនបរិបទសង្គមនាពេលបច្ចុប្បន្ន និងរឹតតែមិនជំរុញការអភិវឌ្ឍនៅកម្ពុជា ឲ្យសម្រេចបានគោលដៅកម្ពុជា ឆ្នាំ២០៥០ ហើយបញ្ញត្តិមួយចំនួន នៃច្បាប់នេះ លែងមានសុគតភាពជាមួយច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ។
ឯកឧត្តម ថេង ច័ន្ទសង្វារ បានបន្ថែមថា ដូចនេះ ការកែសម្រួលនូវសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ក៏ជាមូលដ្ឋានគ្រឹះមួយក្នុងការកែលម្អ ការផ្ដល់សេវាសាធារណៈលើវិស័យដីធ្លី ឲ្យកាន់តែមានគុណភាព ភាពសាមញ្ញ ប្រសិទ្ធភាព ភាពជឿទុកចិត្តបាន នឹងអាចឆ្លើយតបបាននូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវនីតិវិធី នៃការផ្ដល់សេវា ការជំរុញការផ្ដល់សេវាតាមប្រព័ន្ធអេឡិចត្រូនិក និងលក្ខខណ្ឌនៃការផ្ដល់សេវាដែលបានកំណត់... ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ចំពោះការរៀបចំនូវច្បាប់ភូមិបាលថ្មីនេះ គឺមិនត្រឹមតែពិភាក្សាកម្រិតថ្នាក់ក្រសួងនោះទេ គឺប្រមូលធាតុចូលផ្សេងៗ តាំងពីថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាមានការពិគ្រោះយោបល់ពីអង្គការសង្គមស៊ីវិល ម្ដងជាពីរដងផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ច្បាប់នេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ ហើយឯកឧត្តមបានផ្ដល់នូវធាតុចូលមួយចំនួន ដើម្បីឲ្យអង្គពិគ្រោះយោបល់ពិភាក្សគ្នា និងសិក្សាឲ្យបានលម្អិត និងស៊ីជម្រៅ ដែលក្នុងនោះ មានបញ្ហាដីសហគមន៍ ដីតំបន់ការពារ និងដីបញ្ចុះសពជាដើម ៕
អត្ថបទ ៖ បាន សុខរិទ្ធិ








