ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សូនកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-គង្គា លើកទី១១ (11 MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញព្រឹកថ្ងៃទី១៩កក្កដានេះ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គលើកទី១០ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងបាងកក នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុង បរិបទនៃជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្ត្រីទាំងអស់ រំពឹងថានឹងផ្លាស់ប្ដូរយោបល់គ្នាផងដែរលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។
កិច្ចប្រជុំ 11 MGC FMM តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់អំពីសមិទ្ធផលថ្មីបន្ថែមទៀត ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល ២១ឆ្នាំកន្លងមកសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌា ស្របពេលជាមួយការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង ប្រជាជន។ ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឱ្យ ដំណើរការនូវគេហទំព័រ MGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំង អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក៕
អត្ថបទ ៖ មុត សុទ្ធ
