ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងផ្សព្វផ្សាយគោលនយោបាយបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ, នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រីជា ប្រធាន អនុប្រធាន សមាជិក ក្រុមការងារច្ចេកទេសបអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍ឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍ឆ្នាំ២០២៣-២០២៨ និងក្រុមការងារស្នូលជួយក្រុមការងារបច្ចេកអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៥។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ស្វាគមន៍ និងបានថ្លែងការកោតសរសើរចំពោះក្រុមការងារបច្ចេកទេសអន្តរក្រសួង និងក្រុមការងារស្នូលជួយក្រុមការងារបច្ចេកទេសអន្តរក្រសួងដែលបានចូលរួមផ្តល់ធាតុចូលក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣ -២០២៨ ចាប់ពីចុងឆ្នាំ២០២២ រហូតបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។
បន្ទាប់មក ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងបានធ្វើបទបង្ហាញជូនកិច្ចប្រជុំ។ ក្នុងនោះ ឯកឧត្តមបានរំឭកពីជោគជ័យដែលកម្ពុជាធ្លាប់ទទួលបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ដូចជា ការសម្រេចបានគោលដៅ៩០-៩០-៩០ នៅឆ្នាំ២០១៧មុនកាលកំណត់ ការចូលរួមក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់អង្គការសហប្រជាជាតិ នាខែមិថុនា ឆ្នាំ២០២១។ ហើយបច្ចុប្បន្ន កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១០លើគេដែលបានជោគជ័យក្នុងការងារអេដស៍។ ឯកឧត្តមបានបន្តថា គោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ មានគោលដៅចម្បងចំនួន៧គឺ ៖ ១- ពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យចំពោះមេរោគអេដស៍និងជំងឺអេដស៍ ២- ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ៣- ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំព្យាបាល ៤- ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម ៥- បញ្ចប់ការរើសអើងនិងមាក់ងាយ ៦- ចលនាធនធាន និង៧- ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធតាមដាននិងវាយតម្លៃ។
នៅក្នុងការចូលរួមមតិរបស់តំណាងអន្តរក្រសួង លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង បានថ្លែងនូវការកោតសរសើរថាគោលនយោបាយរៀបចំបានល្អតាមលំដាប់លំដោយ។ ទន្ទឹមនឹងនេះ លោកជំទាវបានស្នើឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័នបញ្ជូនអ្នកជំនាញហិរញ្ញវត្ថុដើម្បីមកជជែកគ្នាអំពីការងារអេដស៍ នាពេលខាងមុខ។ ចំណែកឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួង ក៏បានសន្យាជំរុញការផ្សព្វផ្សាយអប់រំបង្ការការចម្លងមេរោគអេដស៍តាមទូរស័ព្ទ និងប្រព័ន្ធអេឡិចត្រូនិកឱ្យកាន់តែសកម្មផងដែរ។
មានមតិបូកសរុបមុនពេលបញ្ចប់កិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងថា យើងបានចំណាយពេលពេញមួយព្រឹកផ្លាស់ប្តូរមតិគ្នា។ នេះជាចំណុចចាប់ផ្តើមនៃការអនុវត្តគោលនយោបាយ។ បន្ទាប់ពីពេលនេះ យើងនឹងរៀបចំវាយតម្លៃលើកម្មវិធីបង្ការការពារ ថាមានប្រសិទ្ធភាព ឬនៅខ្វះចន្លោះ? ហើយគិតគូរថាកម្មវិធីណាមានប្រសិទ្ធភាព។ នៅក្នុងការងារបង្ការដែលត្រូវធ្វើឱ្យសម្រេចនូវគោលដៅ៩៥ទី១ យើងមានមុំ៣ចម្បងគឺ ១- ជីវវេជ្ជសាស្រ្ត (ស្រោមអនាម័យ PrEP PEP និងព្យាបាលជាការបង្ការ) ២- ការកែប្រែផ្នត់គំនិត (ការយល់ខុសថាអស់អេដស៍ ការមិនបានទទួលសារពីការចម្លងមេរោគអេដស៍ និងការកុំឱ្យមានការរើសអើង) ៣-ច្បាប់ទម្លាប់ (តើមានច្បាប់ធ្វើឱ្យរាំងស្ទះកម្មវិធីបង្ការដែរឬទេ?)។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បើធ្វើការងារបង្ការបានជោគជ័យទើបកម្ពុជាយើងជោគជ័យបានជាស្ថាពរ។ បើបង្ការមិនបានទេ យើងនៅមានហានិភ័យនៃការផ្ទុះឡើងវិញ។ នៅពេលខាងមុខ យើងនឹងរៀបចំវេទិកាវាយតម្លៃ និងដាក់ចេញកម្មវិធីបង្ការជាក់ស្តែង។ ការងារអេដស៍នៅមិនទាន់អស់ទេ គឺកាន់តែសកម្មជាងមុនទៅទៀត៕
អត្ថបទ៖ រដ្ឋា








