
គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានអនុម័តលើការនាំចេញយន្តហោះចម្បាំងថ្មី ដែលខ្លួនកំពុងអភិវឌ្ឍន៍ជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី ក្នុងការសម្រេចចុងក្រោយបំផុតចេញពីគោលនយោបាយសន្តិភាពរបស់ខ្លួន។
គណៈរដ្ឋមន្ត្រីនេះ បានបន្ធូរបន្ថយច្បាប់នាំចេញអាវុធ ដើម្បីអនុញ្ញាតឲ្យយន្តហោះទាំងនោះលក់ទៅឲ្យ បណ្តាប្រទេសដែលជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយ និងប្រទេសដែលមិនមានជម្លោះនៅបន្ត។
ប្រទេសជប៉ុន បានសន្យាថា នឹងចំណាយយោធាទ្វេដងនៅឆ្នាំ ២០២៧ ដោយលើកឡើងពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង។
អាជ្ញាធរ បាននិយាយថា ការលក់យន្តហោះចម្បាំងនីមួយៗ នឹងត្រូវការការយល់ព្រមពីគណៈរដ្ឋមន្ត្រី។
នៅខែធ្នូ ឆ្នាំ២០២២ ប្រទេសជប៉ុន បានចូលរួមកិច្ចសហការចក្រភពអង់គ្លេស-អ៊ីតាលី ដែលត្រូវបានគេហៅថា Tempest ដើម្បីផលិតយន្តហោះចម្បាំងថ្មីនេះ ដែលនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត និងឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ ដើម្បីជួយអ្នកបើកយន្តហោះ។
យន្តហោះទាំងនោះ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយនៅឆ្នាំ ២០៣៥ ជាអ្វីដែលហៅថា ភាពជាដៃគូអភិវឌ្ឍន៍ឧបករណ៍ការពារដំបូងរបស់ទីក្រុងតូក្យូជាមួយប្រទេស ក្រៅពីសហរដ្ឋអាមេរិក។
ការសម្រេចចុងក្រោយនេះ កើតឡើងមុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) ទៅកាន់សហរដ្ឋអាមេរិក ក្នុងខែមេសា ដែលលោកត្រូវបានគេរំពឹងថា នឹងសង្កត់ធ្ងន់ទៅលើសម្ព័ន្ធភាពរបស់ទីក្រុងតូក្យូជាមួយទីក្រុងវ៉ាស៊ីនតោន និងការត្រៀមខ្លួនរបស់ប្រទេសលោកក្នុង ការចូលរួមកាន់តែច្រើន នៅក្នុងភាពជាដៃគូការពារជាតិ។