
ប្រភពចំនួនបីដែលដឹងអំពីបញ្ហានេះ បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នឹងជួបជាមួយក្រុមមេដឹកនាំធុរកិច្ចអាមេរិក នៅទីក្រុងប៉េកាំង នៅថ្ងៃពុធ ជាការឆ្លើយតបនឹងកិច្ចពិភាក្សានៅអាហារពេលល្ងាច នៅខែវិច្ឆិការបស់លោកជាមួយក្រុមវិនិយោគិនអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
ប្រភពមួយក្នុងចំណោមប្រភពដែលបានដឹងផ្ទាល់អំពីបញ្ហានេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាមេរិក Chubb លោក Evan Greenberg បាន ។ អ្នកចូលរួមផ្សេងទៀតរួមមាន លោកStephen Orlins ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកទំនាក់ទំនង អាមេរិក-ចិន និងលោក Craig Allen ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន។
កិច្ចប្រជុំនេះ ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Wall Street Journal កាលពីសប្តាហ៍មុន។
ប្រភពពីរ បាននិយាយថា កិច្ចប្រជុំនេះ មិនមែនជាផ្នែកនៃរបៀបវារៈនៃវេទិកាអភិវឌ្ឍន៍ចិន ដែលធ្វើឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី ២៤-២៥ខែមីនា ហើយត្រូវបានគ្រោងទុកដោយចេតនាសម្រាប់ថ្ងៃពុធ ដើម្បីបំបែកវាចេញពីវេទិកាសំខាន់សម្រាប់នាយកប្រតិបត្តិជាន់ខ្ពស់បរទេស និងក្រុមមេដឹកនាំរបស់ប្រទេស ចិន។
ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
មន្ត្រីដែលបាននិយាយនៅឯការបើកវេទិកាកាលពីចុងសប្តាហ៍នេះ បានបង្ហាញទំនុកចិត្តថា ប្រទេសចិននឹងឈានដល់គោលដៅសេដ្ឋកិច្ចរបស់ខ្លួន រួមទាំងកំណើនប្រហែល ៥ភាគរយ នៅឆ្នាំនេះ ហើយបានសន្យាគាំទ្របន្ថែមទៀតសម្រាប់ក្រុមហ៊ុននៅក្នុងវិស័យសំខាន់ៗជាយុទ្ធសាស្ត្រ ជាផ្នែកមួយដែលលោក ស៊ីបានដាក់ឈ្មោះថា«កម្លាំងផលិតភាពថ្មី»។