
កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសថៃ បានចាប់ផ្តើមចែកចាយជំនួយទៅកាន់សហភាពមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា ដែលជាបណ្តើមគំនិតមនុស្សធម៌ថ្មីគាំទ្រដោយអាស៊ាន ។
បណ្តើមគំនិតមួយនេះ មានគោលដៅដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំរវាងភាគីបង្កសង្រ្គាមនៅមីយ៉ាន់ម៉ា ។
ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ជំនួយទាំងនេះមានតែជួយដល់របបសឹកប៉ុណ្ណោះ ស្របពេលដែលភាគច្រើននៃពលរដ្ឋជម្លៀសខ្លួន ពុំអាចទទួលបានជំនួយនោះឡើយ ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(UN)ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាលោក Tom Andrews បានពិភាក្សាផែនការកាលពីថ្ងៃទី ២០ ខែមីនា ។
លោកនិយាយថា បញ្ហាដែលពួកយើងមានឥឡូវនេះ គឺជំនួយមនុស្សធម៌ ពុំអាចចូលទៅដល់តំបន់ដែលត្រូវការខ្លាំងបំផុត ហើយលោកនឹងនិយាយពីតំបន់ជម្លោះ ។ លោកបន្តថា នេះគឺជាទីកន្លែងដែលមនុស្សភាគច្រើនត្រូវការជំនួយមនុស្សធម៌ខ្លាំងបំផុត ។
គួរឲ្យដឹងថា មីយ៉ាន់ម៉ា បានធ្លាក់ក្នុងជម្លោះ ចាប់តាំងពីយោធារឹបអូសអំណាចកាលពីឆ្នាំ ២០១១ ជាការបញ្ចប់របបលទ្ធិប្រជាធិបតេយ្យរយៈពេល ១ទសវត្សរ៍ ។
យោងតាមការអះអាងរបស់ UN បានឲ្យដឹងថា មនុស្សយ៉ាង ២,៦លាននាក់ ត្រូវបានជម្លៀសខ្លួនដោយសារសង្រ្គាម ហើយមនុស្សជាង ១៦លានផ្សេងទៀត កំពុងត្រូវការជំនួយមនុស្សធម៌បន្ទាន់ ។
ក្រសួងការបរទេសថៃ និយាយថា ជំនួយដំបូងនេះ រួមមានអង្ករ អាហារស្ងួត និងសម្ភារៈចាំបាច់ជាច្រើនទៀត សម្រាប់មនុស្ស ២ម៉ឺននាក់ ៕