
អភិបាលរដ្ឋ Florida លោក Ron DeSantis កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ដែលហាមឃាត់កុមារអាយុក្រោម ១៤ឆ្នាំ មិនឲ្យប្រើប្រាស់វេទិកាបណ្ដាញសង្គម ហើយតម្រូវឲ្យក្មេងអាយុ ១៤ និង ១៥ឆ្នាំ ទទួលបានការយល់ព្រមពីឪពុកម្តាយទើបអាចចូលលេងបណ្ដាញសង្គមបាន ដោយនេះជាវិធានការមួយដែលអ្នកគាំទ្រនិយាយថា នឹងការពារពួកក្មេងៗពីហានិភ័យតាមប្រព័ន្ធអ៊ីនធឺណិត ចំពោះសុខភាពផ្លូវចិត្តរបស់ពួកគេ។
វិធានការនេះតម្រូវឲ្យវេទិកាបណ្ដាញសង្គមបិទគណនីរបស់អ្នកដែលមានអាយុក្រោម ១៤ឆ្នាំ និងអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ដែលមិនមានការយល់ព្រមពីឪពុកម្តាយ។ ច្បាប់នេះតម្រូវឲ្យបណ្ដាញសង្គមទាំងនោះប្រើប្រព័ន្ធផ្ទៀងផ្ទាត់ភាគីទី៣ ដើម្បីពិនិត្យរកអ្នកដែលមិនទាន់គ្រប់អាយុ។
សភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋរបស់រដ្ឋ បានអនុម័តសេចក្ដីស្នើច្បាប់មួយ កាលពីខែកុម្ភៈដែលនឹងហាមឃាត់ក្មេងៗអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្ដាញសង្គមទាំងស្រុង។ លោក DeSantis មកពីគណបក្សសាធារណរដ្ឋ បានវេតូសេចក្ដីព្រាងច្បាប់នោះ កាលពីដើមខែមីនា ដោយនិយាយថា វាបានកម្រិតសិទ្ធិរបស់ឪពុកម្តាយ។
យ៉ាងណាក្ដី កំណែសេចក្ដីស្នើច្បាប់ថ្មីអនុញ្ញាតឲ្យឪពុកម្តាយផ្តល់ការយល់ព្រមដល់ក្មេងៗពេញវ័យប្រើប្រាស់វេទិកាបណ្ដាញសង្គម។ សេចក្ដីព្រាងច្បាប់នេះនឹងក្លាយជាច្បាប់ជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក DeSantis បានប្រាប់ថា៖ «បណ្ដាញសង្គមធ្វើឲ្យប៉ះពាល់ដល់កុមារតាមវិធីផ្សេងៗគ្នា» ហើយលោកបានបន្ថែមថា៖ »ច្បាប់នេះផ្តល់ឲ្យឪពុកម្ដាយនូវលទ្ធភាពកាន់តែខ្ពស់ជាងមុនក្នុងការការពារកូនៗបស់ពួកគេ»៕