
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានពិភាក្សាគ្នាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ លើបន្ទះអេឡិចត្រូនិក និងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ នៅឯកិច្ចប្រជុំមួយ កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
គួររំលឹកដែរថា កាលពីខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Joe Biden បានទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំង២ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់ឲ្យមានតុល្យភាពជាមួយប្រទេសចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិន ដោយការពង្រីកការផលិតក្នុងស្រុក និងជំរុញពាណិជ្ជកម្មជាមួយដៃគូដែលអាចទុកចិត្តបាន។ កិច្ចប្រឹងប្រែងនេះត្រូវបានចាប់អារម្មណ៍ជាពិសេសក្នុងការផលិតបន្ទះឈីប ដោយទីក្រុងវ៉ាស៊ីនតោនស្វែងរកការកាត់បន្ថយការប្រឈមនឹងហានិភ័យដែលទាក់ទងនឹងចិន ក្នុងនោះរួមទាំងជម្លោះពាណិជ្ជកម្ម និងភាពតានតឹង ជុំវិញបញ្ហាកោះតៃវ៉ាន់។
ក្រសួងការបរទេសបានបញ្ជាក់ថា ទាំងលោក Blinken និងលោក Son ក៏បានពិភាក្សាផងដែរអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើសិទ្ធិមនុស្ស សន្តិសុខ ការអប់រំ និងវប្បធម៌។ តែយ៉ាងណាក្ដី ក្រុមសិទ្ធិមនុស្ស ក្នុងនោះរួមទាំងអង្គការលើកលែងទោសអន្តរជាតិផងដែរ បានចោទប្រកាន់លោក Biden ពីបញ្ហាសិទ្ធិមនុស្ស ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម កាលពីខែកញ្ញានោះ៕