ព្រះវិហារ៖ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅចំណុច ភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយកាប់បំផ្លាញយកមកធ្វើកម្មសិទ្ធ ពីសំណាក់ក្រុមឈ្មួញ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកឈូសឆាយដីព្រៃរបស់រដ្ឋគ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលឈ្មោះ គ្រុក និងឈ្មោះ រឿន ជាអ្នកពាក់ព័ន្ធហើយក៏ជាម្ចាស់គ្រឿងចក្រដែរបានយកត្រាក់ទ័ររបស់ខ្លួនចូលទៅឈូសឆាយយកដីព្រៃធ្វើកម្មសិទ្ធិ ខណៈពលរដ្ឋនៅមិនទាន់ឃើញអាជ្ញាធរចាត់វិធានការណាមួយនៅឡើយ។
ប្រជាពលរដ្ឋ បានបន្ថែមទៀតថា ដីព្រៃក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បើពលរដ្ឋធម្មតាចុះកាប់ឆ្ការ និងរងការចាប់បង្ក្រាបបញ្ជូនទៅតុលាការ ។ដោយឡែកបុគ្គលឈ្មោះ គ្រុក និងឈ្មោះ រឿន ប្រើប្រាស់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយកាប់បំផ្លាញដីព្រៃច្រើនខែមកហើយ គ្មានការទប់ស្កាត់បង្ក្រាបពីមន្ដ្រីបរិស្ថាន និងជំនាញពាក់ព័ន្ធនោះទេ ។
សម្រាប់លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្ត និងជាអ្នកនាំពាក្យ បានប្រាប់អ្នកព័ត៌មានBTV Newsនៅរសៀលថ្ងៃទី២៦ ខែមីនានេះយើងថា បើឃើញសកម្មភាពកំពុងប្រព្រឹត្តិ សូមឱ្យប្រជាពលរដ្ឋរាយការណ៍មកជំនាញ នឹងចុះចាប់វិធាន យកមកផ្ដន្ទាទោសតាមច្បាប់ ។ លោក បានបន្ដថា វិសាលភាពគ្រប់គ្រងមានទំហំធំធេងណាស់ ហើយក៏បានប្រជាពលរដ្ឋរស់នៅអាស្រ័យផលផងដែរ អញ្ចឹងត្រូវមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា។
ជុំវិញការបំភ្លឺរបស់មន្ត្រីជំនាញបរិស្ថាននេះដែរ គេនៅមិនទាន់ឃើញមានសមត្ថកិច្ចជំនាញណាម្នាក់ ចុះមកបង្ក្រាបសោះឡើយ។
ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្ដម គីម រិទ្ធ អភិបាលខេត្តព្រះវិហារ និងក្រសួងពាក់ព័ន្ធនានា មេត្តាចាត់វិធានការក្តៅចំពោះក្រុមឈ្មួញដែលកំពុងធ្វើព្យុះភ្លៀងតាមទំនើងចិត្តដោយមិនខ្លាចច្បាប់សោះឡើយ៕








