
ប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) បាននិយាយថា ការស្លាប់របស់អភិបាលក្រុងវ័យក្មេងជាងគេបំផុតរបស់ប្រទេសនេះ បង្ហាញថា «មានអំពើភេរវកម្មពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅក្នុងស្ថាប័នសាធារណៈ»។
គួរបញ្ជាក់ថា អភិបាលក្រុងវ័យក្មេងជាងគេបំផុតរបស់ប្រទេសអេក្វាឌ័រ នាង Brigitte Garcia និងបុគ្គលិកម្នាក់ត្រូវបានរកឃើញថា ត្រូវបានបាញ់សម្លាប់នៅក្នុងរថយន្ត កាលពីព្រឹកថ្ងៃអាទិត្យ (ទី២៤ ខែមីនា)។ នេះបើតាមការឲ្យដឹងពីនគរបាលនៅក្នុងប្រទេសអាមេរិកខាងត្បូងដែលកំពុងត្រូវបានរួបរឹត ដោយអំពើហិង្សាដែលអាជ្ញាធរស្តីបន្ទោសលើអំពើជួញដូរគ្រឿងញៀន។
នគរបាលជាតិ បានឲ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតការស្លាប់របស់នាង Garcia ដែលជាអភិបាលក្រុង San Vicente វ័យ ២៧ឆ្នាំ និងលោក Jairo Loor ដែលជានាយកទំនាក់ទំនងរបស់នាង បន្ទាប់ពីបានរកឃើញសាកសពរបស់អ្នកទាំង២ នៅក្នុងខេត្ត Manabi។ នគរបាលបានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំង២ បានរងរបួសដោយគ្រាប់កាំភ្លើង។
រដ្ឋាភិបាលរបស់លោក Noboa បានថ្កោលទោសការសម្លាប់នេះ ហើយបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយនគរបាល និងការិយាល័យរបស់រដ្ឋអាជ្ញាលើការស៊ើបអង្កេតយ៉ាងឆាប់រហ័ស។ អេក្វាឌ័របានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីខែមករា ចំពេលមានការកើនឡើងនូវអំពើហិង្សាដែលឃើញក្រុមប្រដាប់អាវុធលុកលុយស្ថានីយទូរទស្សន៍មួយ ពេលកំពុងផ្សាយផ្ទាល់៕