
ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទាមទារឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ខណៈជំនួយសង្គ្រោះសម្រាប់ពលរដ្ឋនៅតំបន់នេះ កំពុងរសាត់ទៅកាន់តែឆ្ងាយ។ ប្រជាជនប៉ាឡេស្ទីន ត្រូវបង្ខំចិត្តដើរស្វែងរកអាហារ ដោយគ្រោះទុរ្ភិក្សខិតមកកាន់តែជិតនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។
លោក ម៉ូហាម៉ាដ ស្សេហាដេ(Mohammad Shehadeh) និយាយថា លោកប្រថុយជីវិតដើម្បីយកស្លឹករុក្ខជាតិព្រៃ មកធ្វើជាអាហារ។
វាឈានដល់ពេលពាក់កណ្តាលខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន នៅពេលដែលប្រជាជនមូស្លីមរាប់លាននាក់ នៅជុំវិញពិភពលោកតមអាហារពីថ្ងៃរះរហូតដល់ថ្ងៃលិច មុនពេលរីករាយជាមួយអាហារពេលល្ងាចជាមួយក្រុមគ្រួសាររបស់ពួកគេ និងមើលកម្មវិធីទូរទស្សន៍។ ទោះជាយ៉ាងណា ប្រជាជនតំបន់ហ្កាហ្សាមួយចំនួនដែលកំពុងតមអាហារ មានពោះទទេ សង្គ្រោះជីវិតដោយទទួលទានស្លឹកឈើព្រៃ សម្រាប់ពេលនេះ។
ស្ត្រីម្នាក់ និយាយថា គាត់និងក្រុមគ្រួសារ វិលមុខដោយសារភាពស្រេកឃ្លាន ចង់ទទួលទានបន្លែ ត្រី និងសាច់។
នៅពាក់កណ្តាលខែមីនា អង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួមគ្នា ដែលតាមដានភាពអត់ឃ្លានរបស់ពិភពលោក បាននិយាយថា គ្រោះទុរ្ភិក្ស ជិតមកដល់ ហើយទំនងជានឹងកើតឡើងនៅភាគខាងជើងតំបន់ហ្កាហ្សានៅត្រឹមខែឧសភា ហើយអាចរាលដាលពាសពេញតំបន់ហ៊ុមព័ទ្ធមួយនេះ នៅត្រឹមខែកក្កដា។