
ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)ទាមទារឲ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សាស្រ្ទីប និងក្តីកង្វល់កើនឡើងថាគ្រោះទុរ្ភិក្សអាចនឹងកើតឡើងនោះ ពលរដ្ឋស្រេកឃ្លាននៅក្នុងដែនដីមួយនេះ បង្ខំចិត្តមកទទួលទានរុក្ខជាតិព្រៃពណ៌បៃតងម្យ៉ាងឈ្មោះ Khobiza ដោយសារតែពួកគេគ្មានអ្វីត្រូវទទួលទាន ។
វាគឺជាការរំឭកដល់ការទុក្ខលំបាកមួយទៀតនៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ អំឡុងសង្រ្គាមរយៈពេល ៥ខែបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ជាពេលដែលពួកគេសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥៣នាក់ ។
ការវាយប្រហារមួយនេះ បានធ្វើឲ្យមានការឆ្លើយតបយ៉ាងចាស់ដៃពីអ៊ីស្រាអែល ជាមួយនឹងការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំ ដោយបានសម្លាប់ជនប៉ាឡេស្ទីន ៣២.០០០នាក់ ។
អ្នកស្រី Maryam Al-Attar គឺជាស្រ្តីនជនប៉ាឡេស្ទីនមួយរូបរស់នៅតំបន់ហ្កាហ្សា និយាយថា ជីវិតរស់នៅរបស់ពួកយើងទាំងអស់គ្នា បើទោះបីជាធ្លាប់ឆ្លងកាត់សង្រ្គាមមុនៗ ពួកយើងពុំដែលទទួលទានរុក្ខជាតិ Khobiza នោះទេ ។
អ្នកស្រីបន្តថា កូនស្រីខ្ញុំនិយាយប្រាប់ខ្ញុំថា ម៉ែពួកយើងចង់ហូបនំបុ័ង ។ បេះដូងខ្ញុំឈឺចាប់ជំនួសពួកគេខ្លាំងណាស់ ។ ខ្ញុំមិនអាចរកនំបុ័ងឲ្យពួកគេបាននោះទេ ។ ខ្ញុំបានត្រឹមតែដើរបេះស្លឹក Khobiza ឲ្យពួកគេទទួលទានប៉ុណ្ណោះ ។ ឥឡូវពួកយើងនៅអាចរកបានស្លឹក Khobiza ប៉ុន្តែនៅពេលអនាគត ពួកយើងមិនដឹងថាអាចទៅរកវាបាននៅកន្លែងណានោះទេ ។
ជនប៉ាឡេស្ទីន រឹតតែរងគ្រោះនៅពេលដែលពួកគេតមអាហារក្នុងពិធីបុណ្យពិសិដ្ឋរ៉ាម៉ាដាន ដូចគ្នានឹងជនមូស្លីមរាប់លាននាក់ផ្សេងទៀតនៅលើពិភពលោក ដែលមានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ជាមួយមហាគ្រួសាររបស់ពួកគេ និងមើលកម្មវិធីផ្សាយពិសេសនៅលើកញ្ចក់ទូរទស្សន៍ ។
ក្រុមបែងចែកដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា ដែលតាមដានភាពអត់ឃ្លានរបស់ពិភពលោក បាននិយាយនៅពាក់កណ្តាលខែមីនានេះថា គ្រោះទុរ្ភិក្ស ជិតមកដល់ ហើយទំនងជានឹងកើតឡើងនៅភាគខាងជើងតំបន់ហ្កាហ្សានាខែឧសភា ហើយអាចរីករាលដាលពេញតំបន់ហ៊ុមព័ទ្ធមួយនេះ ក្នុងខែកក្កដាខាងមុខ ៕