
ក្រុមមន្ត្រី បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារមូលដ្ឋានទ័ពជើងទឹកប៉ាគីស្ថាន ដោយបានសម្លាប់ទាហានប៉ារ៉ាប៉ាគីស្ថានយ៉ាងតិចម្នាក់ ខណៈដែលកងកម្លាំងសន្តិសុខ បានសម្លាប់អ្នកវាយប្រហារទាំង៥នាក់ នៅក្នុងការបាញ់តបត។
ការវាយប្រហារកាលពីថ្ងៃចន្ទលើមូលដ្ឋាន Turbat នៅប្រទេសប៉ាគីស្ថានភាគនិរតី គឺជាការវាយប្រហារលើកទីពីរដោយក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច Baloch លើទីតាំងយោធាមួយ ក្នុងសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បាននិយាយថា៖«យើងបានគេចផុតពីការបាត់បង់ដ៏ធំមួយ។
អ្នកនាំពាក្យកងទ័ពជើងទឹកប៉ាគីស្ថាន បានអះអាងថា អ្នកវាយប្រហារទាំង៥នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីពួកគេ បានព្យាយាមវាយលុកចូលទៅក្នុងមូលដ្ឋាននេះ។
ចក្តីថ្លែងការណ៍យោធា បានឲ្យដឹងថា ទាហានប៉ារ៉ាម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។
កងទ័ពរំដោះជនជាតិភាគតិច Baloch (BLA) ដែលជាក្រុមលេចធ្លោបំផុតនៃក្រុមបំបែកខ្លួនជាច្រើន នៅ ខេត្តBalochistan បានអះអាងទទួលខុសត្រូវចំពោះការវាយលុក នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
BLA ធ្លាប់ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើផលប្រយោជន៍ប៉ាគីស្ថាន និងចិន នៅក្នុងតំបន់នេះ និងកន្លែងផ្សេងទៀត។
ប្រទេសចិនបានវិនិយោគយ៉ាងច្រើននៅក្នុងខេត្ត Balochistan ភាគនិរតី ដែលសម្បូរទៅដោយសារធាតុរ៉ែ ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ រួមទាំងការអភិវឌ្ឍ កំពង់ផែ Gwadar ទោះបីជាមានការបះបោរបំបែកអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ។