ទីក្រុងកំពង់ផែភាគខាងត្បូង Odesa របស់អ៊ុយក្រែន និងទីក្រុងភាគខាងកើត Kharkiv ស្ថិតនៅជិតព្រំដែនរុស្ស៊ី គ្មានចរន្តអគ្គិសនីអស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្រោយការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីលើប្រព័ន្ធថាមពលប្រទេសមួយនេះ ។
កាលពីល្ងាចថ្ងៃចន្ទ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងទាំង ២នេះ ប្រើប្រាស់ពិល និងទូរស័ព្ទដៃរបស់ពួកគេ ដើម្បីបញ្ចាំងភ្លើងមើលផ្លូវ ។
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល DTEK របស់អ៊ុយក្រែន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការកាត់ផ្តាច់ថាមពល បានកើតមាននៅទីក្រុងកំពង់ផែ Odesa កាលពីថ្ងៃចន្ទ ក្រោយការវាយប្រហារតាមច្រកអាកាសរុស្ស៊ី បណ្តាលឲ្យខូចខាតរោងចក្រផ្តល់ថាមពលខ្ពស់ ។
រដ្ឋបាលក្រុង Odesa និយាយថា បំណែករបស់យានដ្រូនធ្លាក់ បង្កជាអគ្គិភ័យនៅរោងចក្រថាមពលអគ្គិសនី ដែលបណ្តាលឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីភ្លាមៗ ។
ក្រោយការវាយប្រហារទ្រង់ទ្រាយធំបំផុតកាលពីថ្ងៃសុក្រសប្តាហ៍មុន លើប្រព័ន្ធថាមពលអ៊ុយក្រែនចាប់តាំងពីសង្រ្គាមផ្ទុះឡើង តំបន់ភាគច្រើននៅទីក្រុង Kharkiv និងតំបន់ Zaporizhzhia គ្មានអគ្គិសនីប្រើប្រាស់នោះទេ ។
គួរឲ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ពលរដ្ឋអ៊ុយក្រែនជាង ១លាននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់ក្រោយការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ី ។
មន្រ្តីជាន់ខ្ពស់មួយរូបនៃការិយាលប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Kuleba និយាយនៅថ្ងៃសុក្រនេះថា អ្នកប្រើប្រាស់ថាមពលជាង ១លាននាក់នៅទូទាំងអ៊ុយក្រែន គ្មានអគ្គិសនីប្រើប្រាស់នោះទេ ក្រោយការវាយប្រហារតាមច្រកអាកាសកាលពីយប់កន្លងទៅរបស់រុស្ស៊ី លើទីតាំងថាមពល ។
លោក Kuleba និយាយថា ការវាយប្រហារនេះ បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ៧០ម៉ឺននាក់នៅតំបន់ភាគខាងកើត Kharkiv ពលរដ្ឋយ៉ាងហោច ២០ម៉ឺននាក់ នៅតំបន់ភាគខាងត្បូង Odesa និងតំបន់ភាគអាគ្នេយ៍ Dnipropetrovsk និងពលរដ្ឋ ១១ម៉ឺននាក់ទៀត នៅតំបន់ភាគកណ្តាល Poltava ៕