
កងទ័ពអាកាសភូមិន្ទអង់គ្លេស(RAF) បានទម្លាក់គ្រឿងផ្គត់ផ្គង់ស្បៀងអាហារទម្ងន់ជាង ១០តោនពីលើអាកាសដល់តំបន់ហ្កាហ្សាស្រ្ទីបជាលើកដំបូង ។ នេះបើយោងតាមការអះអាងរបស់ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ ។
រូបភាពវីដេអូឃ្លីបចេញដោយ RAF ឃើញមន្រ្តីយោធា ផ្ទុកគ្រឿងផ្គត់ផ្គង់លើយន្តហោះ A400M ស្ថិតក្នុងទីក្រុង Amman ប្រទេសហ្សកដានី មុនពេលបន្តដំណើរទៅទម្លាក់ពីលើអាកាសដល់តំបន់ហ្កាហ្សា ។
ក្រសួងការពារជាតិអង់គ្លេស និយាយថា មន្រ្តីអង់គ្លេស បានធ្វើការយ៉ាងដិតដល់ជាមួយកងទ័ពអាកាសភូមិន្ទហ្សកដានី ដើម្បីរៀបផែនការ និងចុះបេសកកម្ម ហើយជំនួយមនុស្សធម៌ទាំងអស់នេះ រួមមានទឹកផឹក អង្ករ ប្រេងឆា ម៉្សៅ ទំនិញកំប៉ុង និងម៉្សៅទឹកដោះគោ ។
រូបភាពវីដេអូឃ្លីបពីក្រសួងការពារជាតិអង់គ្លេស ឃើញផងដែរមន្រ្តីកងទ័ពអាកាសសិង្ហបុរី នៅប្រតិបត្តិការកាលពីថ្ងៃចន្ទនោះ ។
ប្រតិបត្តិការផ្តល់ជំនួយចុងក្រោយគេនេះ ធ្វើឡើងតាមកិច្ចខិតខំប្រឹងប្រែងលើកមុនរបស់ចក្រភពអង់គ្លេស ក្នុងការចែកចាយគ្រឿងផ្គត់ផ្គង់មនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ។
ក្រសួងការបរទេសអង់គ្លេស បាននិយាយកាលពីថ្ងៃទី ២០ ខែមីនាថា កញ្ចប់ជំនួយស្បៀងអាហារទម្ងន់ ២ពាន់តោន បានចូលទៅក្នុងតំបន់ហ្កាហ្សា ៕