
នគរបាលឥណ្ឌា បានឃុំខ្លួនបាតុករប្រឆាំងរាប់សិបនាក់ នៅថ្ងៃអង្គារនេះ ដើម្បីបញ្ឈប់ពួកគេពីការហែ ក្បួនទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) ដើម្បីទាមទារឲ្យ មានការដោះលែងមេដឹកនាំរបស់ពួកគេ និងជាមន្ត្រីជាប់ឆ្នោតដ៏សំខាន់នៃទីក្រុងញូវដែលី (New Delhi) ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ក្នុងសំណុំរឿងសូកប៉ាន់។
អ្នកគាំទ្រលោក Arvind Kejriwal ជិត៣០០នាក់ បានប្រមូលផ្តុំគ្នានៅឯសភារបស់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមការហែក្បួនរបស់ពួកគេ។ នគរបាលដែលខ្លះប្រើឧបករណ៍កុបកម្ម បានឡោមព័ទ្ធអ្នកតវ៉ា និងបានឃាត់ខ្លួនមួយចំនួន។
បាតុករស្រែក «ជយោ Kejriwal» ខណៈដែលត្រូវបានចាប់អូសដាក់ក្នុងរថយន្តក្រុង ហើយត្រូវនគរបាល បើកចេញ។ ពួកគេទំនងជាត្រូវបានដោះលែង នៅពេលក្រោយក្នុងថ្ងៃនេះ។
នាង Rubina Parveen ដែលជាអ្នកតវ៉ា បានប្រាប់សារព័ត៌មានAPថា៖«នេះគឺជារបបផ្តាច់ការ។ បើនរណាម្នាក់ ធ្វើល្អសម្រាប់សាធារណជននៅក្រុងដែលី ហេតុអ្វីបានជាចាប់មនុស្សបែបនេះ?។ «សំឡេងយើង ត្រូវបានបំបិទ។ សាធារណជន កំពុងខឹងយ៉ាងខ្លាំង...បើមេដឹកនាំល្អ ត្រូវគេចាប់ដាក់ពន្ធនាគារ តើនឹងមានអ្វីកើតឡើងចំពោះសាធារណជន?»។
ចាប់តាំងពីពេលនោះមក អាជ្ញាធរ បានហាមឃាត់ការប្រមូលផ្តុំមនុស្ស៤នាក់ ឬច្រើននាក់ នៅក្នុងតំបន់ដែលមានអគាររដ្ឋាភិបាលសំខាន់ៗ ស្ទើរតែទាំងអស់។