
ក្រុមអាជ្ញាធរសុខភាពជប៉ុន បានព្រមានពីការកើនឡើងករណីជំងឺរលាកបំពង់ក ដែលនាំឲ្យមានមនុស្សស្លាប់ បើទោះបីជាអ្នកជំនាញនិយាយនៅថ្ងៃអង្គារនេះថា ការហក់ឡើងខ្ពស់នេះ ទំនងជាមិនបណ្តាលឲ្យមានការរីករាលដាលឆ្លងសកលនោះទេ ។
អំឡុងជំនួបរបស់គណៈកម្មាធិការគ្រប់គ្រងជំងឺឆ្លងកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមមន្រ្តីសុខភាពទីក្រុងតូក្យូ និយាយថា ករណីរលាកបំពង់កដែលបណ្តាលមកពីការឆ្លងបាក់តេរី ហើយនិងមានអត្រាស្លាប់រហូតដល់ ៣០ភាគរយ បានកើនឡើងខ្ពស់ជាងកាលពីឆ្នាំមុន ចំនួន៣ដងនៅក្នុងទីក្រុងមួយនេះ ។
ការកើនឡើងករណីឆ្លងនេះ ត្រូវបានគេរាយការណ៍ថានៅពីក្រោយការលុបចោលភ្លាមៗរបស់កូរ៉េខាងជើង នូវការប្រកួតបាល់ទាត់ជម្រុះ World Cup នៅក្នុងប្រទេសជប៉ុនកាលពីសប្តាហ៍មុន ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Hitoshi Honda គឺជាសាស្រ្តាចារ្យជំងឺឆ្លងនៅសាកលវិទ្យាល័យសុខាភិបាល Fujita ស្ថិតនៅក្នុងខេត្ត Aichi ភាគកណ្តាលប្រទេសជប៉ុន និយាយថា ជំងឺនេះ មិនមែនជាជំងឺផ្លូវដង្ហើមដូចជាជំងឺគ្រុនផ្តាសាយធ្ងន់ ឬជំងឺ COVID-19នោះឡើយ ដូច្នេះហើយវាមិនទំនងជានាំឲ្យកើតមានស្ថានភាពរីករាលដាលឆ្លងសកលនោះទេ ។
លោកបន្តថា នេះគឺជាការឆ្លងតាមដំណក់ទឹក ហើយអនាម័យដៃ គឺជាជារឿងសំខាន់បំផុតសម្រាប់ការការពារឆ្លងជំងឺរលាកបំពង់ក ៕