អូឡាំពិក៖ អត្តពលិក ២នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាលើកដំបូងនៅភូមិកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ ស្របពេលការប្រកួតអូឡាំពិករដូវក្តៅនឹងចាប់ផ្តើមក្នុងរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ។

អ្នករៀបចំកម្មវិធីបាននិយាយថា អ្នកទាំងពីរមកពីក្រុម និងកីឡាដូចគ្នានឹងមន្ត្រីដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសៅរ៍។ សមាជិកផ្សេងទៀតនៃក្រុមកំពុងត្រូវបាននៅដាច់ដោយឡែកក្នុងបន្ទប់របស់ពួកគេ។ អ្នកទាំងពីរជាអត្តពលិកដំបូងគេដែលធ្វើតេស្តវិជ្ជមាននៅក្នុងភូមិកីឡា ស្របពេលអត្តពលិកម្នាក់ទៀតបានធ្វើតេស្តវិជ្ជមាន នៅថ្ងៃអាទិត្យនៅកន្លែងផ្សេងទៀត។ ជាសរុបអ្នករៀបចំកម្មវិធីនៅថ្ងៃអាទិត្យបានរាយការណ៍ករណីថ្មីចំនួន ១០ ដែលទាក់ទងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករួមមានប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលិកផ្សេងទៀត។
អត្រាឆ្លងកំពុងកើនឡើងក្នុងចំនោមប្រជាជនទូទៅនៃទីក្រុងតូក្យូ ដែលកើនឡើងដល់ ១០០០ ករណីថ្មីក្នុងរយៈពេល ៤ថ្ងៃជាប់ៗគ្នា។ ការស្ទង់មតិបង្ហាញថា ប្រជាជនជប៉ុនជាច្រើនជំទាស់នឹងការប្រារព្ធព្រឹត្តិការណ៍កីឡានេះ ជាមួយនឹងការហូរចូលនៃភ្ញៀវទេសចរបរទេសដែលបានចូលរួម។ រីឯក្រុមអត្តពលិកអូស្ត្រាលីទាំងមូល សម្រាប់អូឡាំពិកទីក្រុងតូក្យូត្រូវបានដាក់នៅដាច់ដោយឡែក នៅក្នុងបន្ទប់របស់ពួកគេកាលពីថ្ងៃសៅរ៍នៅឯជំរំហ្វឹកហាត់ ដោយសារព្រួយបារម្ភពីការឆ្លងរាលដាលនេះ៕
អត្ថបទ៖នាង សុភាវុធ