
ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅថ្ងៃអង្គារ (ទី២៦ ខែមីនា) នេះបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងបដិសេធ «ទំនាក់ទំនង ឬការចរចាណាមួយ» ជាមួយប្រទេសជប៉ុន ដោយសម្ដីនេះកើតមានឡើងក្នុងរយៈពេល មួយថ្ងៃបន្ទាប់ពីរូបនាងបាននិយាយថា នាយករដ្ឋមន្ត្រីរបស់ទីក្រុងតូក្យូ លោក Fumio Kishida បានស្នើសុំឲ្យមានកិច្ចប្រជុំកំពូលជាមួយបងប្រុសរបស់ខ្លួន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពល្អក់កករជាប្រវត្តិសាស្ត្រ ក្នុងនោះរួមទាំងជម្លោះការចាប់ពង្រត់ក្នុងរយៈពេលយ៉ាងយូរ និងកម្មវិធីអាវុធដែលត្រូវបានហាមឃាត់របស់កូរ៉េខាងជើង ប៉ុន្តែថ្មីៗនេះ លោក Kishida បានបង្ហាញពីបំណងចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ដែលទីក្រុងព្យុងយ៉ាងបានព្រលយពាក្យថា ខ្លួនមិនប្រឆាំងនោះទេ។
កាលពីឆ្នាំមុន លោក Kishida បាននិយាយថា លោកមានឆន្ទៈចង់ជួបជាមួយលោក Kim «ដោយគ្មានលក្ខខណ្ឌណាមួយឡើយ» ដោយនិយាយថា ទីក្រុងតូក្យូមានបំណងដោះស្រាយគ្រប់បញ្ហាទាំងអស់ ក្នុងនោះរួមទាំងការចាប់ពង្រត់ដោយភ្នាក់ងារកូរ៉េខាងជើងចំពោះពលរដ្ឋជប៉ុន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ដែលនៅតែជាបញ្ហាធ្វើឲ្យរំជួលចិត្ត នៅក្នុងប្រទេសជប៉ុន។
លោកស្រី Kim Yo Jong ដែលជាអ្នកនាំពាក្យដ៏សំខាន់មួយរូបរបស់របបនេះ បាននិយាយកាលពីថ្ងៃចន្ទថា លោក Kishida បានស្នើសុំឲ្យមានកិច្ចប្រជុំកំពូលជាមួយមេដឹកនាំទីក្រុងព្យុងយ៉ាង ដោយបន្ថែមថា ជំនួបនោះគឺទំនងជាមិនមានការផ្លាស់ប្តូរគោលនយោបាយដោយទីក្រុងតូក្យូនោះទេ។
ប៉ុន្តែនៅថ្ងៃអង្គារ ដោយលើកឡើងពីកង្វះ «ភាពក្លាហាន» របស់ទីក្រុងតូក្យូ សម្រាប់ទំនាក់ទំនង «ថ្មី» រវាងកូរ៉េខាងជើង និងជប៉ុន ក្នុងនោះរួមទាំងជំហររបស់ខ្លួនលើបញ្ហាចាប់ពង្រត់ និងកម្មវិធីយោធារបស់កូរ៉េខាងជើងផងដែរ លោកស្រី Kim Yo Jong បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងបដិសេធរាល់ទំនាក់ទំនងជាមួយជប៉ុន។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា លោកស្រីបានប្រាប់ថា៖ «រដ្ឋាភិបាលរបស់យើងបានយល់យ៉ាងច្បាស់អំពីឥរិយបថរបស់ប្រទេសជប៉ុនម្តងទៀត ហើយការសន្និដ្ឋាន គឺថាយើងនឹងមិនយកចិត្តទុកដាក់ និងបដិសេធទំនាក់ទំនង ឬការចរចាណាមួយជាមួយភាគីជប៉ុន»៕