
លោក Julian Assange របស់គេហរទំព័រ WikiLeaks នៅថ្ងៃអង្គារ (ទី២៦ ខែមីនា) ទទួលបានឱកាសដើម្បីបន្តការតវ៉ាប្រឆាំងនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីតុលាការជាន់ខ្ពស់ នៅទីក្រុងឡុងដ្រ៍ បាននិយាយថា សហរដ្ឋអាមេរិកត្រូវផ្តល់ការធានាបន្ថែមទៀត។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកកំពុងស្វែងរកការនាំខ្លួនលោក Assange វ័យ ៥២ឆ្នាំ ទៅកាត់ទោស ពាក់ព័ន្ធនឹងបទចោទ ១៨ករណី ដោយគ្រប់ការចោទនៅក្រោមច្បាប់ចារកម្ម ជុំវិញការចេញផ្សាយព័ត៌មានសម្ងាត់របស់គេហរទំព័រ WikiLeaks នូវខ្សែអាត់សំឡេងសម្ងាត់របស់យោធាអាមេរិក និងទូរលេខការទូត។
មេធាវីរបស់លោក Assange កាលពីខែកុម្ភៈ បានស្វែងរកការអនុញ្ញាត ដើម្បីជំទាស់នឹងការយល់ព្រមពីចក្រភពអង់គ្លេស ក្នុងការធ្វើបត្យាប័នលើកូនក្ដីរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយចាត់ទុកថា ការកាត់ទោសមានហេតុផលនយោបាយ។
ក្នុងសេចក្តីសម្រេចរបស់ខ្លួន ចៅក្រមជាន់ខ្ពស់ ២រូបបានប្រាប់ឲ្យដឹងថា លោក Assange មានឱកាសខ្ពស់ ក្នុងការទទួលបានជោគជ័យ សម្រាប់បណ្ដឹងតវ៉ាប្រឆាំងនឹងការធ្វើបត្យាប័ន ជុំវិញហេតុផលមួយចំនួន។ ភរិយារបស់លោក គឺលោកស្រី Stella ត្រូវបានគេឃើញចូលទៅក្នុងតុលាការមុនការសម្រេចនោះ ខណៈដែលអ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅ៕