
បន្ទាប់ពីមន្រ្ដីអាមេរិក និងអង់គ្លេស បានដាក់ទណ្ឌកម្ម និងបានប្ដឹងទល់នឹងក្រុងប៉េកាំងពីបទការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ភ័ស្ដុតាងដែលផ្ដល់ដោយប្រទេសអង់គ្លេស ក្នុងការចោទប្រកាន់ចិនពីបទធ្វើចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យានោះពុំមានលក្ខណៈគ្រប់គ្រាន់ទេ និងខ្វះវិជ្ជាជីវៈ។
នៅក្នុងការធ្វើសន្និសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងកាបរទេសចិន លោក លីន ចៀន (Lin Jian) បាននិយាយថា ចិនទទូចឱ្យអាមេរិក និងអង់គ្លេសឈប់យកបញ្ហាសន្ដិសុខតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើជារឿងនយោបាយជាបន្ទាន់។
ប្រទេសចិន បានទទួលរងការចោទប្រកាន់ពីសហរដ្ឋអាមេរិកនិងអង់គ្លេសពីបទធ្វើយុទ្ធនាការចារកម្មព័ត៌មានវិទ្យា ដែលធ្វើអោយមានការប៉ះពាល់ដល់មនុស្សរាប់លាននាក់ ក្នុងនោះរួមមាន សមាជិកសភា បណ្ឌិតសភា អ្នកសារព័ត៌មាន ហើយនិងក្រុមហ៊ុន ក្នុងនោះរួមមានក្រុមហ៊ុនម៉ៅការផ្នែកវិស័យការពារជាតិផងដែរ៕