
ប្រទេសហ្វាំងឡង់ និងស៊ុយអែតជឿថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីមានការស្លាប់នៅក្នុងពន្ធនាគាររបស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោក Tobias Billstrom នៅថ្ងៃអង្គារ (ទី២៦ ខែមីនា) នេះ។
អំឡុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីហ្វាំងឡង់ គឺលោកស្រី Elina Valtonen លោក Billstrom បាននិយាយថា៖ «ការណ៍ដែលយើងអាចមើលឃើញថា ការស្លាប់របស់លោក Alexei Navalny ត្រូវបានផ្សារភ្ជាប់យ៉ាងច្បាស់ទៅនឹងភាពជាអ្នកដឹកនាំនៅក្នុងប្រទេសរុស្ស៊ីនោះ គឺរឿងចាំបាច់ណាស់ ក្នុងការមើលឃើញថា យើងអាចដាក់ទណ្ឌកម្មបន្ថែមទៀត ជាពិសេសផ្តោតលើអ្នកដែលទទួលខុសត្រូវ ចំពោះការស្លាប់របស់លោក»។
លោកបានបន្ថែមថា៖ «ពិតមែនហើយ យើងក៏ជឿផងដែរថា កញ្ចប់ទណ្ឌកម្មទាំងមូល គួរតែត្រូវបានពង្រីក ពីព្រោះយើងឃើញថា ទណ្ឌកម្មកំពុងធ្វើឲ្យមានការខុសប្លេក ដោយសារវាបំផ្លាញលទ្ធភាពរបស់រុស្ស៊ី ក្នុងការធ្វើសង្រ្គាមខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន»។
ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា ប្រទេសអឺរ៉ុបខាងជើងទាំង២ ក៏ចង់ឃើញប្រព័ន្ធដាក់ទណ្ឌកម្មនេះ ត្រូវបានបង្កើតឡើងប្រឆាំងនឹងបេឡារុស ទាក់ទងនឹងការគាំទ្ររបស់ប្រទេសនេះ ចំពោះរុស្ស៊ី ក្នុងសង្គ្រាមនេះ៕