បាត់ដំបង ៖ ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរខេត្តបាត់ដំបង បានបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ លើពលករមកពីប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែក្នុងចំនួនតិចបើធៀបនឹងករណីឆ្លងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺករណីឆ្លងក្នុងសហគមន៍ នៅតែបន្តកើនឡើងឥតឈប់ឈរ ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បង្ហាញថា ការត្រឡប់របស់ពលករមកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង នាពេលច្ចុប្បន្នមានក្រោម១០០នាក់ បើធៀបនឹងបណ្ដាខេត្តមួយចំនួន ដែលជាប់ព្រំដែនប្រទេសថៃ ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានពលករមកពីថៃ តាមច្រកជាប់ខេត្តបាត់ដំបង ត្រឹមចំនួន៣៧ ខណៈអ្នកកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាចំនួន ២ ៣៨៩នាក់។
លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លើកឡើងថាការថយចុះចំនួនពលករឆ្លងដែនមកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង ដោយសារពលករភាគច្រើនត្រូវអាជ្ញាធរថៃ បញ្ជូនឲ្យឆ្លងដែនតាមច្រកនៃខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។
លោក បានបន្តថា ចាប់តាំងពីមានការរៀបចំធ្វើតេស្តរហ័ស នៅតាមច្រកព្រំដែន ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៤៥៩នាក់ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨១នាក់ ហើយបានធ្វើសំណាកលើអ្នកបើកបររថយន្តដឹកទំនិញ អ្នកអាជីវករ និងជំនួយការអ្នកបើករថយន្តចេញចូលប្រទេសថៃប្រចាំថ្ងៃចំនួន៧១៤៦សំណាក ដោយឆ្លងជំងឺកូវីដ១៩ ចំនួន៥៧នាក់ ។
ក្នុងរបាយការណ៍រដ្ឋបាលខេត្ត បានបញ្ជាក់ថា អាជ្ញាធរខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងយកសំណាកបានចំនួន ៥ ៩៥៩នាក់ លទ្ធផលវិជ្ជមាន ១៤៦០នាក់ និងចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ១ ៩៦៦នាក់ បានព្យាបាលជាសះស្បើយចំនួន ១០៩៣នាក់ ស្លាប់ ២១នាក់ និងកំពុងសំរាកព្យាបាល ៨៥២នាក់ ៕
សុខរិទ្ធ


