
ទីក្រុងប៉េកាំង នៅថ្ងៃអង្គារ (ទី២៦ ខែមីនា) នេះ បាននិយាយថា ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការឧបត្ថម្ភធនដែលផ្តល់ដោយសហរដ្ឋអាមេរិកសម្រាប់វិស័យរថយន្តថាមពលថ្មីរបស់ខ្លួន ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការប្រកួតប្រជែងមិនយុត្តិធម៌។
ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក «បង្កើតគោលនយោបាយឧបត្ថម្ភធនដោយរើសអើង សម្រាប់យានយន្តថាមពលថ្មី ធ្វើឲ្យខូចការប្រកួតប្រជែងដោយយុត្តិធម៌ រំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មរថយន្តថាមពលថ្មីសកល ហើយនិងបំពានច្បាប់របស់ WTO»។
ក្រសួងបានបញ្ជាក់ថា «ប្រទេសចិនប្រឆាំងទាំងស្រុងចំពោះរឿងនេះ» ដោយបន្ថែមថា ខ្លួនបានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមច្បាប់ WTO និងកែតម្រូវ «គោលនយោបាយឧស្សាហកម្មរើសអើង» របស់ខ្លួន។
ប្រទេសចិន នៅដើមឆ្នាំនេះ បានវ៉ាដាច់ប្រទេសជប៉ុន ក្នុងនាមជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក ដោយទិន្នន័យរបស់ការិយាល័យគយបង្ហាញថា ប្រទេសនេះបាននាំចេញរថយន្តចំនួន ៥,២២លានគ្រឿង ក្នុងឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងនៅពេលដែលទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន មានជម្លោះជាមួយគ្នា ជុំវិញបញ្ហាពាណិជ្ជកម្មមួយចំនួន ដែលរួមមានពន្ធគយ ការរឹតត្បិតបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយនិងកម្មវិធីវីដេអូខ្លីៗរបស់បណ្ដាញសង្គម TikTok ដែលអ្នកនយោបាយអាមេរិកជាច្រើននិយាយថា បង្កការគំរាមកំហែងសន្តិសុខជាតិ៕