ភ្នំពេញ ÷ ក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ហៅកាត់ថា អ.ម.ត ចិន) បានរៀបចំសិក្ខាសាលាស្តីពីឱកាសអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ចំនួន៨០កន្លែង, នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានអបអរសាទរដល់សិស្ស-និស្សិតចំពោះឱកាសអាហារូបករណ៍ចំនួន៨០កន្លែង ទៅសិក្សានៅប្រទេសចិន និងបានផ្តាំផ្ញើដល់សិស្ស-និស្សិតទាំងអស់ ខិតខំចាប់យកឱកាសមួយនេះ និងយកចិត្តទុកដាក់ជាមួយបទឧទ្ទេសនាមរបស់វាគ្មិន។ ឯកឧត្តម បន្តទៀតថា ការផ្តល់អាហារូបករណ៍នេះ គឺក្រោមការគិតគូនិងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត ព្រមទាំងក្រុមការងារដែលបានខិតខំទំនាក់ទំនងជាមួយដៃគូសហការក៏ដូចជាទំនាក់ទំនងជាមួយគ្រឹះស្ថានសិក្សា។ កត្តាដែលគ្រឹះស្ថានសិក្សាក៏ដូចជាដៃគូសហការបានផ្តល់អាហារូបករណ៍មកសមាគម អ.ម.ត ដោយសារកត្តាជឿជាក់និងទំនុកចិត្តមកលើភាគីកម្ពុជា ដូចជាកត្តាសន្តិភាព ស្ថិរភាពនយោបាយ ហេតុនេះហើយ សន្តិភាពពិតជាមានតម្លៃ ដែលពុំអាចកាត់ថ្លៃបាន ជាពិសេសនិស្សិតត្រូវដឹងគុណដល់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព។
ចំណែកលោក ឈឿន រស្មី អនុប្រធានក្រុមការងារគ្រប់គ្រងនិសិ្សតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានធ្វើបទបង្ហាញតម្រង់ទិសជូនដល់សិស្ស-និសិ្សត ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យប្រកួតប្រជែងដណ្តើមនូវអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយ់ៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត គឺពិតជាមានចូលរួមដើរតួយ៉ាងសំខាន់ ដើម្បីឲ្យសិស្ស និសិ្សត បានយល់ឃើញថា តើគួរជ្រើសរើសសាកលវិទ្យាល័យ និងជំនាញមួយណាដែលសាកសមនិងសមត្ថភាពរបស់សិស្ស និសិ្សត ដើម្បីទទួលបានការសិក្សាជាក់ស្តែងតែម្តង។
ជាមួយគ្នានោះដែរសិស្ស-និសិ្សត ចំនួន២រូប មកពីបណ្តាសាកលវិទ្យាល័យផ្សេងៗ មកចូលរួមក្នុងសិក្ខាសាលាខាងលើបាននិយាយរួមគ្នាថា ពួកគាត់មកចូលរួមក្នុងសិក្ខាសាលា មានបំណងចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយហេតុថាចិន មានការរីកចម្រើនខ្លាំងលើបច្ចេកវិទ្យា។ ដូច្នេះការសិក្សានៅចិន វាជំរើសមួយដ៏ល្អដើម្បីជួយពង្រឹងនូវចំនេះជំនាញរបស់គាត់ឲ្យកាន់តែល្អប្រសើរជាងមុន និងមានឱកាសបង្កើតឡើងនូវស្នាដៃថ្មីៗជាច្រើនសម្រាប់ខ្លួនឯង ក៏ដូចជាសង្គមជាតិទាំងមូល និងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដែលបានខិតខំប្រឹងប្រែង ផ្តល់នូវឱកាសជូនដល់យុវជនកម្ពុជា តាមរយៈការប្រមូលយកនូវអាហារូបករណ៍ផ្សេងៗក្រៅប្រទេស ដើម្បីយកមកផ្តល់ជូនយុវជនកម្ពុជា ឲ្យមានឱកាសបន្តការសិក្សាកាន់តែជ្រៅជ្រះនៅក្រៅប្រទេសជាដើម។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឡាវ វ៉ាន់ បានបញ្ជាក់ថា ឱកាសដែលប្អូនៗបានទៅបន្តការសិក្សានៅក្រៅប្រទេសមានការចូលរួមពីតួអង្គចំនួនបី(៣)៖ ទី១ គឺឪពុក-ម្តាយរបស់ប្អូនៗ ដែលបានខិតខំបីបាច់ថែរក្សាបញ្ជូនទៅសិក្សា, ទី២ គឺលោកគ្រូ អ្នកគ្រូ ដែលខិតខំបណ្តុះបណ្តាលពីថ្នាក់បឋមសិក្សា រហូតដល់វិទ្យាល័យ និងទី៣ គឺ សមាគម អ.ម.ត បានផ្តល់អាហារូបករណ៍ និងណែនាំតម្រង់ទិស ជាក់ស្តែងកម្មវីធីថ្ងៃនេះ ក្នុងគោលបំណង ឱ្យសិស្ស-និស្សិតយល់កាន់តែច្បាស់អំពីអាហារូបករណ៍ និងការជ្រើសរើសជំនាញសិក្សា បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិស្ស-និស្សិតខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសការសិក្សានៅក្រៅប្រទេសត្រូវការមានភាពអត់ធ្មត់ខ្ពស់ ស្វ័យសិក្សាទាំងភាសា និងជំនាញឯកទេស ទើបទទួលបានជោគជ័យក្នុងការសិក្សា៕
អត្ថបទ រដ្ឋា























