មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូបបាននិយាយកាលពីថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះថា អ៊ីស្រាអែលបានហៅក្រុមអ្នកចរចារបស់ខ្លួនត្រឡប់ពីទីក្រុងដូហា(Doha)ប្រទេស កាតា វិញ បន្ទាប់ពីបានចាត់ទុកការចរចាស្តីពីបទឈប់បាញ់តំបន់ហ្កាហ្សា ដែលត្រូវបានសម្របសម្រួល ថាបានបរជ័យ ដោយសារការទាមទាររបស់ក្រុមហាម៉ាស។

មន្ត្រីដែលស្និទ្ធនឹងប្រធានចារកម្មម៉ូហ្សាដ (Mossad)របស់អ៊ីស្រាអែល ដែលបានដឹកនាំកិច្ចពិភាក្សានោះ បានចោទប្រកាន់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ថាបានបំផ្លិចបំផ្លាញផ្នែកការទូត ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការដុតបញ្ឆេះសង្រ្គាមនេះធអំឡុង ពិធីបុណ្យ រ៉ាម៉ាដាន (Ramadan)។

ភាគីជម្លោះបានបង្កើនការចរចា ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ក្នុងការផ្អាកការបាញ់ផ្លោងរបស់អ៊ីស្រាអែលរយៈពេលប្រាំមួយសប្តាហ៍ និងជាថ្នូរ សំណើសុំដោះលែងចំណាប់ខ្មាំង៤០ នាក់ក្នុងចំណោមចំណាប់ខ្មាំង១៣០នាក់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
ក្រុមហាម៉ាស បានស្វែងរកកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នា និងការដកទ័ពរបស់អ៊ីស្រាអែល។ អ៊ីស្រាអែល បានច្រានចោលការលើកឡើងនេះ ដោយនិយាយថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបោសសម្អាតអភិបាលកិច្ច និងសមត្ថភាពយោធារបស់ក្រុមហាម៉ាស។

ក្រុមហាម៉ាស ក៏ចង់ឱ្យជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា និងតំបន់ជុំវិញ នៅភាគខាងត្បូង ក្នុងអំឡុងដំណាក់កាលដំបូងនៃសង្រ្គាមជិតប្រាំមួយខែ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅភាគខាងជើងវិញ។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលបានយល់ព្រមបង្កើនចំនួនទ្វេដងនៃចំនួនប្រជាជនប៉ាឡេស្ទីនដែលខ្លួននឹងដោះលែង សម្រាប់ចំណាប់ខ្មាំងជាអ្នកទោសរហូតដល់៧០០ទៅ៨០០នាក់ និងអនុញ្ញាតឱ្យពលរដ្ឋប៉ាឡេស្ទីនដែលត្រូវបានជម្លៀសចេញទីលំនៅមួយចំនួនត្រឡប់ទៅតំបន់ហ្កាហ្សាភាគខាងជើងវិញ៕