អ៊ីស្រាអែល និយាយថា ការច្រានចោលរបស់ក្រុមហាម៉ាស ស្ដីពីកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីៗ នៅតំបន់ហ្កាហ្សា ជាមួយអ៊ីស្រាអែល បង្ហាញពីការប៉ះពាល់ធ្ងន់ធ្ងរ ដោយសារសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ ជាពេលវេលា មួយដែលសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានអនុបវាទ ។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែល នឹងមិនផ្ដល់នូវអ្វីដែលខ្លួនហៅថា ជាការទាមទារហួសហេតុគួរឲ្យអស់សំណើចរបស់ក្រុមហាម៉ាស ជាដាច់ខាត ។

ការទាមទារទាំងនោះរួមទាំង ការបញ្ចប់សង្រ្គាម និងការដកទ័ពអ៊ីស្រាអែលចេញទាំងស្រុងពីដែនដីហ្កាហ្សា ផងដែរ។
សហរដ្ឋអាមេរិក បានហៅសេចក្ដីថ្លែងការណ៍របស់អ៊ីស្រាអែល ថាជារឿងមិនត្រឹមត្រូវស្ទើរគ្រប់ចំណុច។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក មួយរូប បានទទូចថា ការឆ្លើយតបរបស់ក្រុមហាម៉ាស ត្រូវបានរៀបចំមុនការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។

ជាមួយគ្នានោះ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា មេដឹកនាំរងរបស់ស្លាបប្រដាប់អាវុធក្រុមហាម៉ាស លោក ម៉ាវ៉ាន់ អ៊ីសា (Marwan Issa) ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស លើរូងក្រោមដី នៅខាងក្រោមជំរំជនភៀសខ្លួននូសេរ៉ាត់ (Nuseirat) ប្រហែល២សប្ដាហ៍មុន៕