ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយសហការី នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus នារសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានជ្រើសរើស ស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងអំពីប្រវត្តិ បេសសកម្ម និងចក្ខុវិស័យ ស.ស.យ.ក. ផងដែរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ស.ស.យ.ក. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ក្នុងការចូលរួមក្នុងបុព្វហេតុ ជាតិមាតិភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី មករួមជាកម្លាំងសាមគ្គី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយ ស.ស.យ.ក.នេះ កើតឡើងដោយសារការមើលឃើញពីវិសាលភាពនៃរចនាសម្ព័ន្ធរបស់ ស.ស.យ.ក. ដែលមានលក្ខណៈទូលំទូលាយ និងសាយភាយទូទាំងប្រទេស ដែលអាចផ្តល់ជាលទ្ធផលខ្ពស់ក្នុងការជំរុញ ក្នុងការផ្សព្វផ្សាយនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក ស.ស.យ.ក. និងយុវជនទូទៅឱ្យកាន់តែមានសក្តានុពល។ ឯកឧត្តមបានបន្ថែមថា អនុស្សរណៈនេះ នឹងសម្របសម្រួលដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនទូទៅ ក្នុងការចុះឈ្មោះស្វែងរកការងារ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមជម្រាបថា ស.ស.យ.ក. គឺជាអង្គការយុវជនមួយ ដែលបាន និងកំពុងបន្តបេសកកម្មពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ បច្ចុប្បន្ននេះ ស.ស.យ.ក. មានរចនាសម្ព័ន្ធទូលំទូលាយទូទាំងប្រទេស ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យទីស្នាក់ការ ស.ស.យ.ក. នៅតាមបណ្តារាជធានី-ខេត្ត ក្លាយជាប៉ូលការងារសម្រាប់យុវជនមកស្វែងរកព័ត៌មានដើម្បីទទួលបានឱកាស និងជំនាញពិតប្រាកដ៕


