ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាមហាសន្និបាតលើកទី១។
មហាសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង យុត្តិធម៌ ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។
មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវាយតម្លៃ និងបូកសរុប លទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ៥:០០ នាទីល្ងាចនៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ដើម្បីបង្ហាញអំពីលទ្ធផលនៃមហាសន្និបាត រយៈពេល ៣ថ្ងៃនេះ បន្ទាប់ពីមហាសន្និបាតនេះត្រូវបានបិទបញ្ចប់៕









