បាល់ទាត់មិត្តភាពអន្តរជាតិ ដែលជាផ្នែកមួយនៃទិវាប្រកួតរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA Day) FIFA Series បានបញ្ចប់ហើយ ដោយក្នុងនោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវលេងនៅអារ៉ាប៊ីសាអូឌីត ប្រកួតចុងក្រោយចាញ់ប្រទេសហ្គីយ៉ានមកពីអាមេរិកខាងជើង ១ទល់នឹង៤ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
ជំនួបចុងក្រោយ លេងបានត្រឹម២០នាទី ហ្គីយ៉ាននាំមុខ ក្រុមជម្រើសជាតិកម្ពុជា ១ទល់នឹង០ មុនដោយគ្រាប់បាល់របស់កីឡាករ Omari Glasgow។ តែចូលវគ្គទី២ នាទីទី៥៣ កីឡាករ សៀង ចន្ធា ក៏បានរកគ្រាប់តាមស្មើឱ្យគោព្រៃ ១ទល់នឹង១ ពេលដែលកីឡាករ ផាន សុផេន បញ្ជួនបាល់ឱ្យ។
៦នាទីបន្ទាប់ ហ្គីយ៉ាន នាំមុខជាថ្មីដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Omari Glasgow ដដែល។ នាទីដែលនៅសេសសល់ ក្រុមបាល់ទាត់ដែលមកពីសហព័ន្ធ CONCACAF មួយនេះ បន្ថែមពីរគ្រាប់ទៀតដោយកីឡាករ Leo Lovell នាទីទី៨០ និងកីឡាករ Ryan Khedoo នាទីទី៩០បូក២។
ការប្រកួត FIFA Series ក្នុងពូលជាមួយកម្ពុជានេះ ជម្រើសជាតិ កាប់វែរ ឈ្នះទាំងពីរប្រកួត ខណៈដែលក្រុម ហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន ឈ្នះមួយប្រកួតម្នាក់។
ក្រុមបាល់ទាត់កម្ពុជា នឹងមកដល់មាតុប្រទេសយប់ថ្ងៃទី២៨ ខែមីនានេះ ខណៈបេសកកម្មបន្ទាប់ ក្រុមគោព្រៃកម្ពុជា ត្រូវត្រៀមលេងពានរង្វាន់បាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ ២០២៤ (ASEAN Mitsubishi Electric Cup) នៅចុងឆ្នាំ៕


