ប្រធានក្រុមនយោបាយ និងសកម្មប្រយុទ្ធនិកាយស៊ុននីលីបង់ ដែលបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតហេសបូឡា(Hezbollah) ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល នៅតាមព្រំដែននៃប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ជម្លោះបានជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមទាំងពីរ។

អគ្គលេខាធិការនៃក្រុម al-Jamaa al-Islamiya ឬក្រុមឥស្លាម លោកសៀក ម៉ូហាមេដ តាក់គូស (Sheikh Mohammed Takkoush) បាននិយាយថា បក្ខពួករបស់ខ្លួន បានសម្រេចចិត្តចូលរួមការប្រយុទ្ធ នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ដោយសារតែការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប និងការវាយលុកលើទីប្រជុំជនលីបង់ និងភូមិ ដែលសម្លាប់ជនស៊ីវិល រួមទាំងអ្នកសារព័ត៌មាន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា។

លោកតាក់គូស បានប្រាប់សារព័ត៌មានAP នៅទីស្នាក់ការកណ្តាលរបស់ក្រុមរបស់ខ្លួន ក្នុងទីក្រុងបេរូតថា៖«យើងបានសម្រេចចិត្តចូលរួម (សមរភូមិ) ជាកាតព្វកិច្ចជាតិ សាសនា និងសីលធម៌។ យើងបានធ្វើដូច្នេះ ដើម្បីការពារដី និងភូមិរបស់យើង»។ លោកបាននិយាយថា៖«យើងក៏បានធ្វើដូច្នេះដែរ ក្នុងការគាំទ្រដល់បងប្អូនរបស់យើង នៅតំបន់ហ្កាហ្សា» ជាទីដែលលោក បានបញ្ជាក់ថា អ៊ីស្រាអែល កំពុងធ្វើការសម្លាប់រង្គាលជាចំហ។
ក្រុមហាម៉ាស បានដឹកនាំការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៥០នាក់ទៀត។ ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងការវាយលុកជើងគោក នៅតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣២.០០០ នាក់នៅទីនោះ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់។ ចាប់តាំងពីពេលនោះមក អំពើហិង្សានៅតាមបណ្តោយព្រំដែន លីបង់-អ៊ីស្រាអែល កាន់តែខ្លាំងឡើង ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនទាំងសងខាង។
លោក តាក់គូស បាននិយាយថា ខ្លួនជឿថា អ៊ីស្រាអែលមានមហិច្ឆតា ក្នុងការដណ្តើមយកទឹកដីបន្ថែមទៀត «មិនត្រឹមតែនៅក្នុងប៉ាឡេស្ទីនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសលីបង់ផងដែរ»។