អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការរងយោធាក្រុមហាម៉ាស ឈ្មោះ ម៉ាវ៉ាន អ៊ីសា (Marwan Issa) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងខែនេះ ដោយបញ្ជាក់របាយការណ៍នៅដើមខែនេះ។

ឧត្តមនាវីទោ ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា «យើងបានត្រួតពិនិត្យការស៊ើបការណ៍សម្ងាត់ទាំងអស់ ហើយ ម៉ាវ៉ាន អ៊ីសា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលយើងបានធ្វើប្រហែលពីរសប្តាហ៍មុន»។ ក្រុមហាម៉ាសមិនមានការអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍របស់អ៊ីស្រាអែលនោះទេ។

លោក អ៊ីសា ស្ថិតនៅខាងលើបង្អស់នៃបញ្ជីឧក្រិដ្ឋជនដែលកំពុងតាមចាប់ខ្លួនរបស់អ៊ីស្រាអែល រួមជាមួយលោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif) ដែលជាប្រធានស្លាបយោធារបស់ក្រុមហាម៉ាស ក្រុមកងពលតូច អ៊ីស អែលឌីន អាល់កាសាម (Izz el-Deen al-Qassam) និងមេដឹកនាំក្រុមហាម៉ាស នៅហ្កាហ្សា លោក យ៉ាសយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលត្រូវបានគេជឿថាជាមេក្លោងពីក្រោយការវាយប្រហារថ្ងៃទី០៧ តុលា របស់ក្រុមនេះលើប្រទេសអ៊ីស្រាអែល ភាគខាងត្បូង ដែលបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមនៅហ្កាហ្សា៕
