យុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅគ្រប់សាលារៀនរដ្ឋ និងឯកជន ពីថ្នាក់បឋម រហូតវិទ្យាល័យ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខណៈយុទ្ធនាការនេះបានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសជាមួយBTV នៅថ្ងៃទី២៧ ខែមីនានេះ។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញមានសាលារៀនរដ្ឋ និងឯកជនសរុបចំនួន ៧៥៨ ដោយគិតត្រឹមថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានរាជធានីភ្នំពេញបានផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើ ថង់ប្លាស្ទិក បានជាង៣រយសាលារៀន ខណៈសាលានៅសល់បន្តផ្សព្វផ្សាយឱ្យរួចរាល់នៅចុងខែមីនានេះ។ លោកបន្តទៀតថា តាមរយៈយុទ្ធនាការនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានយល់ដឹងបន្ថែមទៀតពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍មិនប្រើថង់ប្លាស្ទិក។
សិស្សានុសិស្ស និងគ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បានប្តេជ្ញា ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើប្រាស់របស់កែច្នៃផ្សេងៗពីធម្មជាតិ ដើម្បីលើកកម្ពស់សោភ័ណភាពបរិវេនសាលារៀន។
សូមជម្រាបថា បច្ចុប្បន្ន ថង់ប្លាស្ទិកប្រមាណ១០លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង២,០០០ថង់ក្នុងមួយឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។ សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជា បានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាព និងកខ្វះខាតចំណេះដឹងក្នុងការញែកសំរាមជាដើម។ យ៉ាងណាក្តី ដើម្បីទប់ស្កាត់សំណល់ប្លាស្ទិកនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព៕ អត្ថបទ៖ទូច សោភ័ណ


