ដោយឈរនៅពីមុខរថក្រោះមួយនៅជាយតំបន់ហ្កាហ្សាស្ទ្រីប ឧត្តមសេនីយ៍អ៊ីស្រាអែលម្នាក់បានរំខានសុន្ទរកថារបស់ខ្លួនស្ដីពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីថ្លែងការស្តីបន្ទោសដ៏ខឹងសម្បារតាមកញ្ចក់ទូរទស្សន៍ទៅដល់បណ្ដាមេដឹកនាំនយោបាយរបស់អ៊ីស្រាអែល។

ឧត្តមសេនីយឯក ដាន ហ្គូលហ្វើស (Dan Goldfus) បានជំរុញឱ្យអ្នកនយោបាយ «នៅគ្រប់ភាគី» បដិសេធភាពជ្រុលនិយម និងបង្រួបបង្រួមគ្នា ដោយជៀសវាងការវិលត្រឡប់ទៅកាន់ស្ថានភាពដដែល មុនពេលការផ្ទុះឡើងនៃជម្លោះក្នុងខែតុលា នៅពេលដែលការបែកបាក់ផ្នែកនយោបាយ និងការតវ៉ាជាច្រើនខែ បានធ្វើឱ្យអ៊ីស្រាអែលមានភាពតានតឹងយ៉ាងជ្រៅ។

កងកំលាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា លោក ហ្គូលហ្វើស ត្រូវបានស្តីបន្ទោសដោយអគ្គសេនាធិការ លោកឧត្តមសេនីយ៍ឯក ហើហ្ស៊ី ហាលេវី (Herzi Halevi) រយៈពេលពីរថ្ងៃក្រោយមក ប៉ុន្តែសម្ដីរបស់លោក បានបង្ហាញការពិតក្នុងចំណោមទាហានអ៊ីស្រាអែលមួយចំនួន ដែលត្រលប់មកពីសមរភូមិមុខ ហើយបានសម្ដែងការមិនពេញចិត្តដូចគ្នានេះចំពោះថ្នាក់ដឹកនាំ។
មនុស្សជាច្រើនមកពីភាគីទាំងសងខាងនៃវិសាលគមនយោបាយ បានសម្តែងការខឹងសម្បារដែលរដ្ឋាភិបាលអ៊ីស្រាអែល បានខកខានក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាកំណែទម្រង់នៃយោធាកាតព្វកិច្ច និងការលំបាកផ្នែកសេដ្ឋកិច្ច ដែលទាហានបម្រុងជួបប្រឈមក្រោយត្រលប់មកពីសមរភូមិវិញ៕