រដ្ឋមន្ត្រីការបរទេសវៀតណាម លោក បួយ ថាញ់សឺន (Bui Thanh Son) បាននិយាយកាលពីថ្ងៃអង្គារ (២៦ មីនា) ថា ការលាលែងពីតំណែងរបស់ប្រធានាធិបតីទីពីររបស់ប្រទេស ដែលគ្រប់គ្រងដោយកុម្មុយនិស្ត ក្នុងរយៈពេលតិចជាងមួយឆ្នាំនេះ មិនបានប៉ះពាល់ដល់គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់ទីក្រុងហាណូយនោះទេ ដោយសារខ្លួនមានការដឹកនាំរួម និងការបង្កើតគោលនយោបាយរបស់ខ្លួន។

ដោយត្រូវបានសាកសួរក្នុងអំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អំពីការលាលែងពីតំណែងរបស់លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) កាលពីសប្តាហ៍មុន លោក សឺន បានប្រាប់ស្ថាប័នស្រាវជ្រាវ ប្រ៊ុកឃីងស៍ (Brookings) របស់ទីក្រុង វ៉ាស៊ីនតោន ថា ប្រទេសវៀតណាម កំពុងដំណើរការយុទ្ធនាការប្រឆាំងអំពើពុករលួយដែលត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិ និងអាជីវកម្ម។

ការលាលែងពីតំណែងរបស់លោក ធឿង បានចោទជាសំណួរអំពីស្ថិរភាពក្នុងប្រទេសវៀតណាម ដោយសារលោកទើបតែជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញភ្លាមៗពីអ្នកកាន់តំណែងពីមុនរបស់លោក។
ក្រុមអ្នកវិភាគបាននិយាយថា ស្ថិរភាពដែលត្រូវបានធានាអស់ជាច្រើនទសវត្សរ៍ដោយរដ្ឋ ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយបក្សកុម្មុយនិស្ត ឥឡូវនេះមើលទៅហាក់មិនសូវប្រាកដប្រជាទេ បើទោះបីជាពួកគេយល់ស្របថាការផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្ន នឹងមិនប៉ះពាល់ដល់គោលនយោបាយសំខាន់ៗរបស់ប្រទេសក៏ដោយ៕
