ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើមន្ត្រីសុខាភិបាល នៃមនី្ទរពេទ្យកុមារជាតិ យកចិត្តទុកដាក់ឲ្យបានខ្ពស់លើការគ្រប់គ្រង និងការផ្តល់សេវាជូនដល់ប្រជាជន ពិសេសកុមារ និងស្រី្តឲ្យកាន់តែប្រសើរឡើង។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ, នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងទៀតថា ទោះបីយើងបានមើលឃើញវឌ្ឍនភាព សមិទ្ធផលរបស់មនី្ទរពេទ្យលើវិស័យសុខាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើន គួរឲ្យកត់សម្គាល់ដែលទាមទារឲ្យយើងត្រូវតែបន្តខិតខំប្រឹងប្រែងជាបន្តទៅទៀត។ នៅពេលនេះឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានផ្តល់នូវទស្សនទានមួយចំនួនដល់សមាជិក សមាជិកា ក្នុងសន្និបាតទាំងមូល ដើម្បីជាធាតុចូលពិចារណាក្នុងការរៀបចំផែនការទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដែលមានជាអាទិ៍ដូចខាងក្រោម៖ ត្រូវពង្រីកហេរដ្ឋារចនាសម្ព័ន្ធមនី្ទរពេទ្យ ដោយកែលម្អអាគារ ស្ថានភាពបរិស្ថានជុំវិញមនី្ទរពេទ្យឲ្យកាន់តែប្រសើរឡើងថែមទៀត, ពង្រីកលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមជូនដល់បុគ្គលិក មន្ត្រីរាជការ ឲ្យកាន់តែប្រសើរឡើងសមស្របទៅតាមនិយាមស្តង់ដាអន្តរជាតិ, ការពង្រឹង ការគ្រប់គ្រងបំពាក់បន្ថែមនូវឧបរកណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ឱសថ, យកចិត្តទុកដាក់ឲ្យបានខ្ពស់លើការគ្រប់គ្រង និងការផ្តល់សេវាជូនដល់ប្រជាជន ពិសេសកុមារ និងស្រី្តឲ្យកាន់តែប្រសើរឡើង, ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការយាមប្រចាំការ ក្នុងការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង, ការលើកកម្ពស់គុណភាព សុវតិ្ថភាពក្នុងការព្យាបាលជំងឺ និងការពង្រឹង គ្រប់គ្រងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់របស់មនី្ទរពេទ្យ។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់នៃមនី្ទរពេទ្យកុមារជាតិ ដែលបានខិតខំផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺទូទៅ ជាពិសេសស្រី្ត កុមារ ដោយស្មារតីទទួលខុសត្រូវ។
បើតាមឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានឲ្យដឹងថា ការថែទាំ និងព្យាបាល ឆ្នាំ២០២៣ មន្ទីរពេទ្យទទួលបានចំនួនអតិថិជនកើនឡើងបើធៀបទៅនឹងឆ្នាំ២០២២ ជាក់ស្តែង៖ ការពិនិត្យពិគ្រោះជំងឺក្រៅ ឆ្នាំ២០២២ មាន១៦៧.១៧៦ករណី ឆ្នាំ២០២៣ មាន១៩២.៣៦៤ករណី គឺបានកើនឡើងចំនួន ១៥% អ្នកជំងឺសម្រាកពេទ្យ ឆ្នាំ២០២២ មាន២៤.៥៣៥ករណី ឆ្នាំ២០២៣ មាន៣៧.៣៦៧ ករណី គឺ បានកើនឡើងចំនួន៥២% ឆ្នាំ២០២២ មន្ទីរពេទ្យមានចំនួន៣៥០គ្រែ អត្រាប្រើប្រាស់៨៧% ឆ្នាំ២០២៣ មន្ទីរពេទ្យមានចំនួន៤០០គ្រែ អត្រាប្រើប្រាស់១៣២។ ចំណោមជំងឺសម្រាកពេទ្យ មានអាទិភាពចំនួន៥ក្នុងឆ្នាំ២០២៣ គឺជំងឺរលាកបំពង់ក មាន៥.៥០៣ករណី, ជំងឺគ្រុនឈាម មាន៥.៣៨២ករណី, ជំងឺរលាកកូនទងសួតមាន៣.៨៩២ករណី, ជំងឺរាកគ្រប់ប្រភេទ មាន៣.២៥០ករណី និងជំងឺទារកមិនគ្រប់ខែ មាន៥៣៣៦ករណី៕ អត្ថបទ រដ្ឋា




