ក្រសួងយុត្តិធម៌បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនេះជាមហាសន្និបាតលើកទី១ នៃវិស័យយុត្តិធម៌នៅកម្ពុជា។

មហាសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសប្រមាណជាង ៧០០នាក់។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា មហាសន្និបាតវិស័យយុត្តិធម៌នេះនឹងត្រូវចារឹកទុកជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យយុត្តិធម៌ ដោយហេតុថា ទី១ គឺជាមហាសន្និបាតលើកទី១ ក្នុងវិស័យយុត្តិធម៌ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗក្នុងវិស័យយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ក្នុងឯកសណ្ឋានអាវផាយ ដ៏ស្រស់ស្អាតប្រកបដោយមោទនភាព ដែលពុំធ្លាប់បានរៀបចំឡើយពីមុនមក គិតចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើង។ ទី២ មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីយន្តការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រូវបានកែសម្រួល រៀបចំឡើងវិញ ដោយមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានតុលាការកំពូល ជាសហប្រធាន។ ទី៣ មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍នៃការចាប់ផ្តើមចេញដំណើររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មី ដែលសម្តេចបានប្រកាសកំណត់យក ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាពក្នុងវិធានការគន្លឹះទាំង៥ របស់សម្តេច និងជាការដ្ឋានកែទម្រង់ដ៏សំខាន់របស់រាជរដ្ឋាភិបាល និង ទី៤ មហាសន្និបាតនេះ ក៏ត្រូវបានរៀបចំឡើងស្របពេលដែលវិស័យយុត្តិធម៌ទាំងមូល បាននិងកំពុងខិតខំប្រឹងប្រែង រួមគ្នាក្នុងការអនុវត្តយុទ្ធនាការសំខាន់ៗចំនួន ២ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលជាការចាប់ផ្តើមអនុវត្តការដ្ឋានកែទម្រង់ដ៏សំខាន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ សំដៅរួមគ្នាសម្រេចឱ្យបាននូវការពង្រឹង និងការលើកកម្ពស់ជំនឿទុកចិត្តលើស្ថាប័នអនុវត្ត ច្បាប់ពិសេសអំណាចតុលាការ ពីសំណាក់ប្រជាពលរដ្ឋ និងធុរជន ។

ឯកឧត្តម កើត រិទ្ធ បន្ថែមថា តាមការគ្រោងទុក មហាសន្និបាតវិស័យយុត្តិធម៌ដ៏ធំបែបនេះ នឹងត្រូវរៀបចំឡើងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជាការបូកសរុបលទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបាន និងដាក់ចេញនូវទិសដៅបន្តដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា មហាសន្និបាតវិស័យយុត្តិធម៌រយៈពេល ៣ ថ្ងៃនេះ គឺធ្វើឡើងមិនត្រឹមតែដើម្បីបូកសរុបលទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ កន្លងទៅ និងពិនិត្យវាយតម្លៃ បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារអាទិភាពដែលត្រូវអនុវត្តបន្តប៉ុណ្ណោះទេ ប៉ុន្តែ មហាសន្និបាតនាពេលនេះ គឺជាវេទិកានៃការជួបជុំដ៏ធំសម្រាប់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ រួមគ្នាពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមធំៗមួយចំនួនក្នុងការអនុវត្ត សំដៅដាក់ចេញនូវដំណោះស្រាយរួមគ្នា ដែលអាចធានាបានទាំងសង្គតិភាព ទាំងប្រសិទ្ធភាពក្នុងការអនុវត្តនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានានៅទូទាំងប្រទេស ។ ទន្ទឹមនេះ មហាសន្និបាតនេះ ក៏នឹងអនុញ្ញាតឱ្យចៅក្រម ព្រះរាជអាជ្ញា និង តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ក្នុងវិស័យយុត្តិធម៌ ក្តាប់ឱ្យជាប់នូវអ្វីដែលជាចក្ខុវិស័យ គោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវរួមគ្នាចូលរួមអនុវត្ត សំដៅលើកកម្ពស់មុខមាត់នៃវិស័យយុត្តិធម៌ និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន និងអ្នកវិនិយោគមកលើប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

